FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ចុះពិនិត្យវឌ្ឍនភាពការរៀបចំសោភ័ណភាព ជុំវិញសួនច្បារមាត់បឹងតាកែវ

06-11-2026 14:42

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃការរៀបចំជុំវិញ បរិវេណសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញមាត់បឹងតាកែវ។

ការចុះពិនិត្យរបស់លោកអភិបាលខេត្តតាកែវ គឺដើម្បីជំរុញការរៀបចំឱ្យបានកាន់តែល្អប្រសើរ ថែរក្សាសោភ័ណភាពតំបន់មាត់បឹងតាកែវ ឱ្យមានភាពស្រស់ស្អាត ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តក្នុងខេត្តតាកែវ។

លោក វ៉ី សំណាង បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យដាំដើមត្នោតបន្ថែមទៀត នៅតាមបណ្តោយក្បែមាត់បឹង ដោយហេតុ ថាដើមត្នោតគឺជាអត្តសញ្ញាណជាតិមួយ ដ៏សំខាន់របស់ខ្មែរ ដែលរួមចំណែកយ៉ាងខ្លាំងក្នុងការលើក កម្ពស់តម្លៃបេតិកភណ្ឌ និងធម្មជាតិក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះលោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមជាងទទួលម៉ៅការសាងសង់ វេទិកាអុំទូកដែលកំពុងសង់មិនទាន់រួចរាល់ ឱ្យពន្លឿនដំណើរការសាងសង់ឱ្យទាន់ ពេលវេលា និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមស្តង់ដាបច្ចេកទេស ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពរឹងមាំសម្រាប់ទ្រទ្រង់កម្មវិធីនានានៅ ពេលខាងមុខ។

សូមបញ្ជាក់ថា ការអភិវឌ្ឍ និងការរៀបចំសោភ័ណភាពតំបន់មាត់បឹងតាកែវ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរ បង្កើនកន្លែងកម្សាន្តសាធារណៈ ប្រកបដោយផាសុកភាព និងលើកកម្ពស់កម្រិតជីវភាពសហគមន៍មូលដ្ឋាន តាមរយៈវិស័យទេសចរណ៍៕