FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WCS ចុះដាំកូនឈើ១ពាន់ដើម ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់ជីវភាពសហគមន៍

06-11-2026 14:34

(មណ្ឌលគីរី)៖ ក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមគម្រោងរេដបូកកែវសីមា រៀបចំយុទ្ធនាការចុះដាំកូនឈើចំនួន ១,០០០ដើម នៅក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ក្នុងគោលបំណងពង្រីកគម្របព្រៃឈើ និងជំរុញចលនាដើម្បីភាពបៃតង។

នៅក្នុងឱកាសនោះ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងយ៉ាងច្បាស់ពីសារៈសំខាន់នៃការបង្កើនគម្របបៃតងនៅតាមមូលដ្ឋាន ដែលជាកត្តាគន្លឹះក្នុងការចូលរួមឆ្លើយតបនឹងបញ្ហាប្រែប្រួល អាកាសធាតុសកល ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានផងដែរ។

លោកបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តមណ្ឌលគិរីបណ្តុះកូនឈើបានជាង ១៦ម៉ឺនដើមរួចមកហើយ និងបានបន្តចែកជូនប្រជាពលរដ្ឋយកទៅដាំជាបន្តបន្ទាប់ ដើម្បីរួមគ្នាបង្កើតសោភ័ណភាព និងបរិស្ថានបៃតង។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដោយផ្តោតជាសំខាន់លើ «យុទ្ធសាស្ត្រអាទិភាពបៃតង»។

លោក ខ្វៃ អាទិត្យា បានថ្លែងថា ក្រសួងបរិស្ថាន នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ លើកកម្ពស់ការបណ្តុះ និងដាំដើមឈើឱ្យកាន់តែខ្លាំងក្លា ដើម្បីឈានទៅសម្រេចបាននូវការបង្កើនភាពបៃតង និងនិរន្តរភាពបរិស្ថាននៅកម្ពុជា។

លោក ឃន សុភឿន បានឱ្យដឹងថា យុទ្ធនាការដាំកូនឈើ ១ពាន់ដើមនាថ្ងៃនេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចសហការយ៉ាងស្អិតល្មួតរវាងស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នារក្សាការពារសម្បត្តិធម្មជាតិ និងកសាងអនាគតមួយដែលបៃតង និងមាននិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយ។

ជាដៃគូសហការយ៉ាងសកម្ម លោក ឃន សុភឿន តំណាងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា អង្គការ WCS និងគម្រោងរេដបូកកែវសីមា បានចូលរួមរៀបចំកម្មវិធីជំរុញចលនា ដើម្បីភាពបៃតង នៅតាមសហគមន៍ ក្នុងគោលដៅមិនត្រឹមតែការដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតខ្លាំងលើការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាសហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ឱ្យមានភាពល្អប្រសើរឡើង តាមរយៈការផ្សារភ្ជាប់ការអភិរក្សទៅនឹងការអភិវឌ្ឍដោយចីរភាព៕