រដ្ឋមន្រ្តី ហែម វណ្ណឌី អញ្ជើញបើកទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៦ និងប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម
06-11-2026 13:33
(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី បើកទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៦ និងពិធីប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់តួនាទី និងការចូលរួមចំណែករបស់ស្ត្រីក្នុងវិស័យធុរកិច្ច និងសេដ្ឋកិច្ចជាតិ។
ទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៦នេះរៀបចំឡើងដោយសហគ្រិនស្ត្រីកម្ពុជា និងដោយមានការចូលរួមពីលោកស្រី គ្រី ណាស់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកស្រី ឆឹង ស៊ីម៉ន រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឧកញ៉ា ស គីណាល់ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកស្រី ជឹម ម៉ាណាវី ស្ថាបនិកសមាគមសហគ្រិនស្រ្តីកម្ពុជា, លោកស្រី ចាន់ភារី ប្រធានសមាគមាសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៥ រួមទាំងមាន លោកស្រី អ្នកនាងកញ្ញា ដែលជាសមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មាធិការ សមាជិក ក្រុមប្រតិបត្តិ សមាគមសហគ្រិនស្រ្តីកម្ពុជា តំណាងអង្គការផ្សេងៗ ម្ចាស់ឧបត្ថម្ភកម្មវិធី ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិជាច្រើនរូបទៀត។
លោកស្រី ចាន់ភារី បានឱ្យដឹងថា ទិវាសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព»នេះ ឆ្លុះបញ្ចាំងពីការពិតដ៏សំខាន់មួយថា ស្ត្រីមិនត្រឹមតែជាអ្នកចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដែលអាចជំរុញការបង្កើតការងារ នវានុវត្តន៍ ការអភិវឌ្ឍសហគមន៍និងជំរុញកំណើនទាំងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
លោកស្រី បញ្ជាក់ទៀតថា ស្ត្រីជាចលករនៃកំណើន មិនមែនមានន័យត្រឹមតែថាស្ត្រី អាចបង្កើតអាជីវកម្មសម្រាប់ចិញ្ចឹមតែខ្លួនគាត់ម្នាក់ប៉ុណ្ណោះទេ គឺចង់សំដៅទៅលើការពង្រឹងសមត្ថភាពរបស់ស្ត្រីដែលអាចបង្កើតឱកាសសម្រាប់មនុស្សកាន់តែច្រើន មានសមត្ថភាពទប់ទល់នឹងវិបត្តិ គោរពតម្លៃសង្គម និងបរិស្ថាន ព្រមទាំងបន្សល់ទុកនូវមូលដ្ឋានរឹងមាំសម្រាប់មនុស្សជំនាន់ក្រោយ ប្រែក្លាយភាពរីកចម្រើននៃអាជីវកម្ម ទៅជាឱកាសសម្រាប់គ្រួសារ សហគមន៍ និងសង្គមទាំងមូល។
លោកស្រី ចាន់ភារី បានបន្ថែមថា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) មានបេសកកម្មគាំទ្រការចាប់ផ្តើម ការរីកចម្រើន និងភាពជោគជ័យរបស់អាជីវកម្មដែលមានស្ត្រីជាម្ចាស់ និងដឹកនាំដោយស្ត្រី ដើម្បីរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេលកន្លងមក CWEA បានខិតខំកសាងបណ្តាញធុរកិច្ច ផ្តល់ឱកាសបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍បង្កើនការតភ្ជាប់ទីផ្សារ និងជួយពាំនាំលើកឡើងនូវសំឡេងរបស់សហគ្រិនស្ត្រីទៅកាន់ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងនាឱកាសនោះដែរលោក ហែម វណ្ណឌី បានថ្លែងកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានបន្តចូលរួមលើកម្ពស់សហគ្រិនស្ត្រី តាមរយៈការកសាងបណ្តាញធុរកិច្ច ការផ្សរភ្ជាប់ឱកាស និងការទទួលស្គាល់សមិទ្ធផលរបស់សហគ្រិនស្ត្រី។ យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ប្រទេសកម្ពុជា មានអង្គភាពអាជីវកម្មប្រមាណ ៧៥ម៉ឺនអង្គភាព ក្នុងនោះប្រមាណ ៦៩% មានតំណាងជាស្ត្រី។
លោក ហែម វណ្ណឌី បានបន្ថែមថា តួលេខនេះឆ្លុះបញ្ចាំងពីការចូលរួមដ៏សំខាន់របស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ប៉ុន្តែក៏បានបង្ហាញពីភាពចាំបាច់ក្នុងការបង្កើតឱកាសឲ្យស្ត្រី អាចឈានពីការចូលរួមក្នុងផលិតកម្មរកភាពជាម្ចាស់អាជីវកម្ម ការដឹកនាំសហគ្រាស និងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់ ក្នុងបរិបទដែលកម្ពុជាកំពុងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ការលើកកម្ពស់សហគ្រិនភាពស្ដ្រីគួរផ្ដោតលើការកសាងសហគ្រាសដែលមានផលិតភាពខ្ពស់ ការគ្រប់ប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពប្រកួតប្រជែងកាន់តែប្រសើរ។
លោករដ្ឋមន្រ្តី ហែម វណ្ណឌី បានបញ្ជាក់ទៀតថា ការរីកចម្រើនរបស់សហគ្រាសដែលដឹកនាំដោយស្ត្រី អាចរួមចំណែកដោយផ្ទាល់ដល់ការបង្កើតការងារដែលមានគុណភាព ការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកមូលដ្ឋានផលិតកម្មជាតិ, ជាក់ស្តែងទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៦ នេះ គឺជាឱកាសមួយដ៏ល្អក្នុងការទទួលស្គាល់សមិទ្ធផល សហគ្រិនស្ត្រីដែលបានបង្ហាញពីភាពជាអ្នកដឹកនាំភាពច្នៃប្រឌិតការតស៊ូនិងការរួមចំណែកក្នុងការបង្កើតការងារ ការបង្កើនប្រាក់ចំណូលគ្រួសារ និងលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសកម្ពុជាផងដែរ៕














