ឧបករណ៍កោសល្យវិច័យឈើចល័ត និងប្រព័ន្ធ SMART ធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជាបន្ទាយការពារធម្មជាតិដ៏រឹងមាំ
06-11-2026 12:09
(មណ្ឌលគិរី)៖ ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី បានក្លាយជាបន្ទាយការពារធម្មជាតិដ៏រឹងមាំមួយនៅភូមិភាគឦសាន បន្ទាប់ពីមន្ត្រីឧទ្យានុរក្សបានទទួលការបណ្ដុះបណ្ដាល និងប្រើប្រាស់ឧបករណ៍កោសល្យវិច័យឈើចល័ត (Mobile Wood Forensic Tools) រួមផ្សំជាមួយប្រព័ន្ធល្បាតឆ្លាតវៃ SMART (Spatial Monitoring and Reporting Tool)។ បច្ចេកវិទ្យាទំនើបទាំងនេះ គឺជាអាវុធថ្មីមួយក្នុងការទប់ស្កាត់ និងវាយបំបែកបណ្ដាញជួញដូរឈើខុសច្បាប់។
គម្រោងនេះបានពង្រឹងការល្បាតការពារផ្ទៃដីព្រៃទឹកភ្លៀងត្រូពិចដ៏មានតម្លៃជាង ១៦៧,០០០ ហិកតា និងបានបង្កើតតំបន់ការពារសហគមន៍ចំនួន ៤ កន្លែង ដើម្បីចូលរួមទប់ស្កាត់ការទន្ទ្រានខុសច្បាប់។
ក្នុងនោះមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី បានទទួលការបណ្ដុះបណ្ដាលយ៉ាងដិតដល់ស្ដីពី «ការស៊ើបអង្កេតបទល្មើសដឹកជញ្ជូនឈើ និងការប្រើប្រាស់ឧបករណ៍កោសល្យវិច័យឈើចល័ត» ដែលជាអាវុធថ្មីមួយក្នុងការវាយបំបែកបណ្ដាញជួញដូរឈើខុសច្បាប់។
ឧបករណ៍នេះដើរតួដូចជា «ឧបករណ៍ពិនិត្យ DNA របស់ឈើ» ដោយវាអាចកំណត់ប្រភេទឈើភ្លាមៗ៖ ទោះបីជាឈើត្រូវបានកែច្នៃ បកសំបក ឬលាបពណ៌បន្លំភ្នែកក៏ដោយ ក៏ឧបករណ៍នេះអាចប្រាប់បានថាវាជាប្រភេទឈើប្រណីត ឬឈើកម្រកម្រិតណា។ វាក៏បង្កើតភស្តុតាងវិទ្យាសាស្ត្រ ដោយទិន្នន័យដែលទទួលបានពីឧបករណ៍កោសល្យវិច័យនេះ មានតម្លៃគតិយុត្តខ្ពស់ និងជាភស្តុតាងមិនអាចប្រកែកបានចំពោះមុខតុលាការ ក្នុងការដាក់ទោសទណ្ឌលើជនល្មើស។
លោក ប៉ែត ភក្ត្រា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានសង្កត់ធ្ងន់ថា៖ «នេះគឺជាការពង្រឹងសមត្ថភាពដ៏សំខាន់ ធ្វើឱ្យមន្ត្រីឧទ្យានុរក្សរបស់យើងមានចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន។ ទិន្នន័យដែលប្រមូលបានពីការសិក្សាលើផ្នែកកោសល្យវិច័យឈើនេះនៅពេលខាងមុខ នឹងផ្ដល់ប្រយោជន៍ដ៏ធំធេងដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសបម្រើឱ្យកិច្ចការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការជួញដូរឈើឆ្លងកាត់ព្រំដែនយ៉ាងមានអានុភាព»។
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែបង្រៀនឱ្យចេះប្រើឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំនាញស៊ើបអង្កេតស៊ីជម្រៅដល់មន្ត្រីរួមមាន៖ ការតាមដានខ្សែសង្វាក់បទល្មើស៖ យល់ដឹងពីល្បិចកលនៃការដឹកជញ្ជូន និងរបៀបប្រមូលព័ត៌មានសម្ងាត់, ការគ្រប់គ្រងកន្លែងកើតហេតុ និងការប្រមូលភស្តុតាង តាមរយៈរបៀបរក្សារបបភស្តុតាងឈើឱ្យត្រូវតាមបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីកុំឱ្យបាត់បង់តម្លៃគតិយុត្តពេលឡើងតុលាការ។
ថ្លែងប្រាប់នៅក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅដែនជម្រកសត្វព្រៃកែវសីមា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរួមផ្សំគ្នារវាងប្រព័ន្ធល្បាតឆ្លាតវៃ SMART ដែលមានស្រាប់ ជាមួយនឹងការបន្ថែមជំនាញកោសល្យវិច័យឈើចល័តនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជាបន្ទាយការពារធម្មជាតិដ៏រឹងមាំមួយនៅភូមិភាគឦសាន។ វឌ្ឍនភាពនេះមិនត្រឹមតែជួយការពារព្រៃឈើឱ្យនៅគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការគាំទ្រ ឥណទានកាបូនពីគម្រោងរេដបូក (REDD+) កែវសីមា យកទៅអភិវឌ្ឍ និងអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋានបន្ថែមទៀតផងដែរ។
លោកថាការប្រើប្រាស់បច្ចេកវិទ្យាទំនើប បច្ចេកវិទ្យា SMART (Spatial Monitoring and Reporting Tool) បានក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតក្នុងការតាមដាន ឆ្លើយតប និងអភិរក្សធនធានព្រៃឈើ និងជីវៈចម្រុះនៅក្នុង ដែនជម្រកសត្វព្រៃកែវសីមា (Keo Seima Wildlife Sanctuary)។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងការគាំទ្របច្ចេកទេសពី អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា គម្រោងពង្រឹងសកម្មភាព ធ្វើឡើងស្របតាមច្បាប់អភិរក្សធម្មជាតិ និងក្របខ័ណ្ឌ ក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីធានាបាននូវការការពារដែនជម្រកធម្មជាតិប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
អ្នកនាំពាក្យបានបន្ថែមថា បច្ចេកវិទ្យា SMART មិនមែនគ្រាន់តែជាកម្មវិធីទូរស័ព្ទធម្មតានោះទេ ប៉ុន្តែវាជាប្រព័ន្ធគ្រប់គ្រងទិន្នន័យភូមិសាស្ត្រដ៏មានឥទ្ធិពល ដែលអនុញ្ញាតឱ្យមន្ត្រីឧទ្យានុរក្ស និងក្រុមល្បាតសហគមន៍អាច កត់ត្រាទិន្នន័យជាក់ស្ដែង (Real-time Data)៖ ប្រមូលព័ត៌មានអំពីបទល្មើសព្រៃឈើ ការកាប់ទន្ទ្រានដីធ្លី ទីតាំងខ្សែអន្ទាក់ និងការប្រទះឃើញសត្វព្រៃកម្រៗ រួចបញ្ចូលទៅក្នុងប្រព័ន្ធរួមភ្លាមៗ។
លើសពីនេះ កំណត់ទិសដៅល្បាតច្បាស់លាស់៖ ប្រព័ន្ធនេះជួយវិភាគចំណុចក្ដៅ (Hotspots) នៃបទល្មើស ដែលធ្វើឱ្យការដាក់ពង្រាយកម្លាំងល្បាតចំគោលដៅ និងសន្សំសំចៃពេលវេលា។ ជាមួយបច្ចេកវិទ្យា មន្ត្រីអាចវាស់វែងប្រសិទ្ធភាពការងារ៖ ថ្នាក់ដឹកនាំគម្រោងអាចដឹងពីចម្ងាយផ្លូវល្បាត រយៈពេល និងលទ្ធផលនៃការចុះអនុវត្តច្បាប់របស់មន្ត្រីម្នាក់ៗយ៉ាងមានតម្លាភាព។
លោក ខ្វៃ អាទិត្យា បានបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងដែនជម្រកសត្វព្រៃកែវសីមា ពង្រឹងការអនុវត្តច្បាប់ (Law Enforcement)៖ រាល់ទិន្នន័យបទល្មើសដែលប្រមូលបានតាមរយៈ SMART ត្រូវបានប្រើប្រាស់ជាមូលដ្ឋានទិន្នន័យផ្លូវការសម្រាប់ចាត់វិធានការតាមផ្លូវច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការប្រឆាំងនឹងជនល្មើស៕













