មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្សព្វផ្សាយបទប្បញ្ញត្តិប្រៃសណីយ៍ និងនីតិវិធីនៃការស្នើសុំសេវាសាធារណៈ តាមប្រព័ន្ធឌីជីថល
06-11-2026 12:08
(ភ្នំពេញ)៖ លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បទប្បញ្ញត្តិប្រៃសណីយ៍ និងនីតិវិធីនៃការស្នើសុំសេវាសាធារណៈ តាមប្រព័ន្ធឌីជីថល» ដោយមានការអញ្ជើញចូលរួមពីបណ្ឌិត Vinaya Prakash Singh អគ្គលេខាធិការនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) ថ្នាក់ដឹកនាំ ក.ប.ទ. ប្រតិបត្តិករប្រៃសណីយ៍ វាគ្មិន និងមន្ត្រីជំនាញមកស្ថាប័នពាក់ព័ន្ធ សរុបចំនួន ២៥០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យសិក្ខាកាមសិក្សា និងទទួលបានព័ត៌មានពីស្ថានភាពវិស័យប្រៃសណីយ៍និងការធ្វើបរិវត្តកម្មនៃវិស័យប្រៃសណីយ៍នៅក្នុងតំបន់ ការស្នើសុំអាជ្ញាបណ្ណនិងលិខិតអនុញ្ញាតសេវាប្រៃសណីយ៍តាមប្រព័ន្ធឌីជីថល បទពិសោធនៃការអនុវត្តប្រព័ន្ធឌីជីថលដែល ក.ប.ទ. បាននិងកំពុងអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់សម្រាប់បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគុណភាពសេវាប្រៃសណីយ៍។
ថ្លែងក្នុងឱកាសនេះ លោក ម៉ម អំណត់ បានលើកឡើងពីបច្ចុប្បន្នភាពនៃការងាររបស់ប្រៃសណីយ៍ ដោយរួមទាំងច្បាប់ដែល ក.ប.ទ. បាននិងកំពុងរៀបចំ រួមមាន ច្បាប់ស្តីពីប្រៃសណីយ៍ ច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល និងច្បាប់ស្តីពីសន្តិសុខសាយប័រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរួមមានថ្នាលឌីជីប៉ុស្តិ៍ (DG Post) និងគេហទំព័រស្វែងរកព័ត៌មានលេខកូដប្រៃសណីយ៍ជាដើម ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍ កសាងទំនុកចិត្ត និងគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លោករដ្ឋលេខាធិការ បានផ្តាំផ្ញើទៅកាន់សិក្ខាកាមឱ្យយកចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះទៅអនុវត្តជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសម្រួលដល់សេវាសាធារណ: ប្រកបដោយគុណភាពនិងប្រសិទ្ធភាព៕






