FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ

06-11-2026 11:42

(ត្បូងឃ្មុំ)៖ «ផ្ទះស្អាត មានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ» នេះជាការថ្លែងឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លើសពីភាពស្អាតលោករដ្ឋមន្រ្តី ក៏បានបណ្តុះនូវផ្នត់គំនិតបៃតង ក្នុងចំណោមសិស្សានុសិស្សប្រមាណជាង ៥០០នាក់។
ភាពបៃតង និងវត្តមានរបស់ដើមឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិស្ថានស្អាត និងមានសុខភាពល្អ ដោយជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាច្រើន ក្នុងនោះរួមមានការកាត់បន្ថយកាបូនិច និងឧស្ម័នផ្ទះកញ្ចក់ ពីព្រោះដើមឈើជាអ្នកស្រូបយកឧស្ម័នកាបូនិច ពីបរិយាកាសតាមរយៈដំណើរការរស្មីសំយោគ និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន ដែលជាខ្យល់អាកាសស្អាតសម្រាប់មនុស្ស និងសត្វដកដង្ហើម។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ម្យ៉ាងវិញទៀត ដើមឈើក៏ជួយកាត់បន្ថយការបំពុលខ្យល់ និងធូលីម៉ត់ ដោយសារស្លឹក និងមែកឈើជួយចាប់យកល្អងធូលី ភាគតូចល្អិត (PM2.5) និងស្រូបយកឧស្ម័នពុលផ្សេងៗដូចជា អាសូតឌីអុកស៊ីត និងស៊ុលហ្វួរឌីអុកស៊ីត ធ្វើឲ្យគុណភាពខ្យល់មានភាពល្អប្រសើរ។ បន្ថែមពីនេះ ដើមឈើក៏អាចកាត់បន្ថយកំដៅ និងបាតុភូតផ្សេងៗ ជាក់ស្តែង កម្ពុជាកំពុងប្រុងប្រៀបនិងត្រៀមលក្ខណៈដាក់ចេញយន្តការនានា ដើម្បីការពារទប់ទល់នឹងហានីភ័យបាតុភូតអែលនីញ៉ូ ដែលកម្ពុជាអាចនឹងប្រឈមនាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ប្រព័ន្ធឫសដើមឈើជួយតោងចាប់ដីឱ្យជាប់ កាត់បន្ថយការបាត់បង់ដីស្រទាប់លើ និងការពារការរអិលបាក់ដីនៅពេលមានភ្លៀងធ្លាក់ខ្លាំង និងកាត់បន្ថយហានិភ័យនៃទឹកជំនន់ និងការហូរច្រោះទឹកភ្លៀង និងកាត់បន្ថយការបាត់បង់ជីវៈចម្រុះ ដោយភាពបៃតងជួយផ្តល់ជម្រក និងប្រភពអាហារដល់សត្វព្រៃ បក្សាបក្សី និងសត្វល្អិតដែលមានប្រយោជន៍ ដែលជាផ្នែកមួយនៃការរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ី៕