FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-កូរ៉េ ចុះ MoU បង្កើតវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដោយប្រើបច្ចេកវិទ្យា AI ដើម្បីការពារពលករកម្ពុជា

06-11-2026 11:12

(កូរ៉េ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគី ស្តីពី «វេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI-based Multilingual Fire Safety Platform)» ជាមួយសាលាស្រុកអឹមសុង និងវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្មពន្លត់អគ្គិភ័យកូរ៉េ (Korea Fire Industry Technology Institute - KFI) នៅសាលាស្រុកអឹមសុង ខេត្តឈុងឆង់ប៊ុកដូ សាធារណរដ្ឋកូរ៉េ។

គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពពីគ្រោះអគ្គិភ័យ និងការពារសុខុមាលភាពទូទៅរបស់ពលករបរទេស ជាពិសេសពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយឥតគិតថ្លៃ។

វេទិកានេះគាំទ្រការប្រើប្រាស់ចំនួន៦ភាសា រួមមាន ភាសាកូរ៉េ ខ្មែរ អង់គ្លេស វៀតណាម ចិន និងនេប៉ាល់។ ក្នុងចំណោមភាសាទាំង៦ ភាសាខ្មែរនឹងត្រូវបានដាក់ឱ្យដំណើរការមុនគេបង្អស់ ដើម្បីជួយសម្រួលដល់ការទទួលបានព័ត៌មាន និងការយល់ដឹងអំពីវិធានការបង្ការ និងការឆ្លើយតបចំពោះគ្រោះអគ្គិភ័យ ព្រមទាំងកាត់បន្ថយឧបសគ្គដែលបណ្តាលមកពីរបាំងភាសា។

ថ្លែងក្នុងពិធីបើកកម្មវិធី លោក ឃួន ផុនរតនៈ បានលើកឡើងថា សហគមន៍ខ្មែរនៅប្រទេសកូរ៉េកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកូរ៉េ។ ទន្ទឹមនឹងនេះ សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាពចម្បងដែលស្ថានទូតតែងតែយកចិត្តទុកដាក់។

លោកឯកអគ្គរាជទូតបានបញ្ជាក់ថា វេទិកានេះនឹងចូលរួមចំណែកកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយសារឧបសគ្គផ្នែកភាសា ព្រមទាំងជួយឱ្យពលករខ្មែរអាចទទួលបានព័ត៌មានស្តីពីសុវត្ថិភាពអគ្គិភ័យបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងខិតខំផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់វេទិកានេះឱ្យបានទូលំទូលាយ ដើម្បីរួមចំណែកធានាសុវត្ថិភាព និងសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសកូរ៉េ៕