FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យរដ្ឋសភា បង្ហាញលទ្ធផលជំនួបរវាងសម្ដេចមហារដ្ឋសភា ឃួន សុដារី និងតំណាងអង្គសហប្រជាជាតិ ស្ដីស្ថានភាពអំពើហិង្សាលើកុមារនៅកម្ពុជា (Video inside)

06-11-2026 08:59

(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ នាយកខុទ្ទការល័យ និងជាអ្នកនាំពាក្យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញពីលទ្ធផលជំនួបរវាងសម្ដេច និងលោកស្រី Najat Maala Mjid តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកអំពើហិង្សាលើកុមារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

បើតាមលោក កែវ ពិសិដ្ឋ សម្តេចបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុតជូនលោកស្រី Najat Maalla M’jid និងគណៈប្រតិភូ។ សម្តេចបានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបេសកកម្មអង្គការសហប្រជាជាតិ ជាពិសេសលើការងារស្ត្រី និងកុមារនៅកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា ក្រោយការដួលរលំនៃរបបខ្មែរក្រហម កម្ពុជាបានចាប់ផ្តើមកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ។ បើទោះបីជាការបោះឆ្នោតជាសកលក្នុងឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងក៏ដោយ ក៏សង្គ្រាមស៊ីវិលនៅតែបានបន្តអូសបន្លាយ ហើយកម្ពុជាត្រូវរង់ចាំរហូតដល់ចុងឆ្នាំ១៩៩៨ ទើបយើងទទួលបានសន្តិភាពពេញលេញ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងអំឡុងពេលនៃសង្គ្រាមស៊ីវិល ស្ត្រីនិងកុមារ គឺជាអ្នកដែលរងគ្រោះខ្លាំងជាងគេ ហើយការឈឺចាប់ទាំងនោះបានក្លាយជាមេរៀនដ៏ធំធេងដែលជំរុញឱ្យយើងប្តេជ្ញាការពារអនាគតរបស់កម្ពុជា ជាពិសេសប្រជាជន និងកុមារកម្ពុជា មិនឱ្យរងនូវវាសនាអាក្រក់ដូចពីអតីតកាលម្តងទៀតឡើយ។

ក្នុងរយៈពេលជាងពីរទសវត្សរ៍នៃសុខសន្តិភាព កម្ពុជាសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិរបស់ស្ត្រី និងកុមារ។

លោកស្រី Najat Maalla M’jid បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវផែនការជាតិប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ ដែលស្របនឹងកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាព អង្គការសហប្រជាជាតិ (SDGs)។

លោកស្រីបានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក ទទួលជួបពិភាក្សាការងារជាមួយលោកស្រី និងគណៈប្រតិភូនៅក្នុងឱកាសនេះ។

លោកស្រី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការអំពើហិង្សាលើកុមារ បានជម្រាបពីលទ្ធផលសំខាន់ៗ នៅក្នុងបេសកកម្មរបស់លោកស្រី និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅក្នុងនោះគណៈប្រតិភូបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីការអនុវត្តការងារលើកិច្ចការពារកុមារនៅកម្ពុជាផងដែរ៕