កម្ពុជា បន្តខិតខំស្វែងរកថវិកា និងពង្រីកគម្រោងឥណទានកាបូនថ្មីៗបន្ថែមទៀត
06-11-2026 08:49
(មណ្ឌលគិរី)៖ ក្រសួងបរិស្ថានកម្ពុជា កំពុងបន្តស្វះស្វែងរកថវិកា និងសម្របសម្រួលរៀបចំគម្រោងឥណទានកាបូនថ្មីៗបន្ថែមទៀត ទាំងក្នុងវិស័យព្រៃឈើ និងមិនមែនព្រៃឈើ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ជីវភាពសហគមន៍។
បច្ចុប្បន្ន កម្ពុជាមានគម្រោងរេដបូកចំនួន១៥គម្រោង ដែលក្នុងនោះ ១២គម្រោងកំពុងសិក្សា និង ៣គម្រោងកំពុងដំណើរការ រួមមានគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គម្រោងរេដបូកកែវសីមា និងគម្រោងរេដបូកព្រៃឡង់។
គម្រោងទាំងនេះគ្របដណ្តប់លើផ្ទៃដីព្រៃសរុប ៣,៧លានហិកតា នៃតំបន់ការពារធម្មជាតិ។ ក្រៅពីវិស័យព្រៃឈើ កម្ពុជាក៏កំពុងពិនិត្យលើគម្រោងឥណទានកាបូនក្នុងវិស័យថាមពលកកើតឡើងវិញ កសិកម្ម និងសំណល់ផងដែរ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងការពារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង ដែលអាចជួយអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើនចំណូលសហគមន៍ ព្រមទាំងអាចលក់ឥណទានកាបូនបាន។
លោក ឃន សុភឿន ប្រធានគម្រោងរេដបូកកែវសីមា បានបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានពង្រឹងបច្ចេកវិទ្យាល្បាតការពារព្រៃឈើដោយប្រើប្រាស់ SMART, Drone និង Arbor Ton ដើម្បីអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។
ថវិកាដែលទទួលបានពីគម្រោងរេដបូក ត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិ គាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពសហគមន៍។
កន្លងមក កម្ពុជាទទួលបានថវិកាប្រមាណ ១១ លានដុល្លារអាមេរិកពីការលក់ឥណទានកាបូននៃគម្រោងរេដបូក ចាប់ពីឆ្នាំ ២០១៦ ដល់ ២០២២។ ការខិតខំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង៕
















