ធនាគារកណ្ដាលកម្ពុជា វៀតណាម និងឡាវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងរូបិយវត្ថុ
06-11-2026 08:27
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម ព្រមទាំងកិច្ចប្រជុំត្រីភាគីរវាងធនាគារកណ្ដាលកម្ពុជា វៀតណាម និងឡាវ ដែលប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម។
កិច្ចប្រជុំជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្ដាលទាំងបី ឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំ ដើម្បីរួមចំណែកជំរុញស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំធនាគារកណ្ដាលទាំងបី បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា លើស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈមសំខាន់ៗ ព្រមទាំងការដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ និងវិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងកត្តាប្រឈមនានាប្រកបដោយភាពបុរេសកម្ម និងប្រសិទ្ធភាព។
ជាមួយគ្នានេះ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានកន្លងមក ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍បច្ចេកទេស ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី។
ជំនួបនេះត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលរវាងធនាគារកណ្ដាលទាំងបី ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ រូបិយវត្ថុ និងហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក៕















