FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកធនាគារ ARDB លើកទឹកចិត្ត ឱ្យកសិករ ប្រើជីធម្មជាតិលាយជីគីមី ដើម្បីបន្ថយចំណាយលើផលិតកម្មកសិកម្ម

05-11-2026 22:29

(កំពង់ធំ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍លើកទឹកចិត្តដល់កសិករ សាកល្បងប្រើជីធម្មជាតិ លាយជាមួយជីគីមី ដែលមានតម្លៃថ្លៃនៅលើទីផ្សារ ដើម្បីកាត់បន្ថយថ្លៃចំណាយ ក្នុងការងារកសិកម្ម ដែលជាកង្វល់ របស់កសិករ បច្ចុប្បន្ន ។

លោកបណ្ឌិត មានប្រសាសន៍ថា “សម្រាប់ជីគីមីឡើងថ្លៃនេះ បងប្អូនអាចរកជម្រើស ឬ វិធី ផ្សេងដើម្បីកាត់បន្ថយ តម្លៃជីគីមីនេះកុំឱ្យវាថ្លៃពេក ដោយខ្លួនឯង តាមរយៈការរៀបចំ ផលិតជីធម្មជាតិ ។ បើបងប្អូន គិតថា ប្រើជីធម្មជាតិ មិនសូវបានផលច្រើន បងប្អូនអាច ប្រើលាយជាមួយជីគីមី ពាក់កណ្តាល ក៏កាត់ថ្លៃចំណាយ ទៅលើការប្រើជីគីមីបានច្រើនគួរសម ឱ្យតែបងប្អូនព្យាយាមរៀបចំធ្វើវា ”។

លោកបណ្ឌិតលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ, លោក ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោក ម៉ន ទីម អភិបាលរងស្រុកតាំងគោក ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណ៣០០នាក់។

ដើម្បីកាត់បន្ថយការចំណាយទៅលើជីគីមី , ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសសាសន៍លើកឡើង បែបនេះថា វត្ថុធាតុដើមអាចរកបាននៅក្នុងមូលដ្ឋានផ្ទាល់សម្រាប់យកមកផលិតជា ជីធម្មជាតិ ។

លោកបណ្ឌិត មានប្រសាសន៍ថា៖ “ នៅស្រុកតាំងគោកនេះ សម្បូរទៅដោយអ្នកចិញ្ចឹមទា ច្រើន ដូចនេះ អាចប្រមូល យកលាមក ទា កែច្នៃធ្វើជាជីធម្មជាតិ បាន ។ នេះជាវិធីមួយដែលអាច ជួយសម្របសម្រួល ធ្វើឱ្យការចំណាយ ធ្លាក់ចុះ ទៅលើការទិញជីគីមី មកប្រើប្រាស់ក្នុងវិស័យកសិកម្ម ។ ការប្រើប្រាស់ជីធម្មជាតិ ពិតជាធ្វើ ឱ្យទិន្នផល អាចប្រែប្រួល ។ ប៉ុន្តែបងប្អូនប្រជា កសិករអាចកាត់បន្ថយការចំណាយ ទៅលើ ថ្លៃដើម ទិញជីគីមីបាន ច្រើន ”។

លោកបណ្ឌិត បន្ថែមទៀតថា ៖ “ខ្ញុំដឹងថាបងប្អូននឹកឃើញ តែគ្រាន់មិនទាន់បានធ្វើ។ តែបើសិនចាប់ផ្តើម បាន ធ្វើជា ការ ល្អ វាជួយកែប្រែគុណភាព ដី របស់យើងល្អឡើងវិញ ។ នៅពេលដែលប្រើប្រាស់ជីគីមី ជាប់គ្នាច្រើន ឆ្នាំ វាធ្វើឱ្យ ដី មានសភាពចង់រឹង អស់ ។ នៅតំបន់ចម្ការខ្លះ គេប្រើជីឆ្លាស់គ្នា ។ ប្រើជីលើកទីមួយគេដាក់ជីគីមី ប្រើជីលើកទីពីរ គេប្រើជីធម្មជាតិ និងលើកទី បីគេដាក់ជីគីមី ដើម្បីឱ្យដីមានសុខភាព ល្អ។ តែបើជីគីមី ជាប់គ្នា រហូតដល់៥ឆ្នាំ វាអាច មានបញ្ហាច្រើន ”៕