ស្រូវពូជរបស់រាជរដ្ឋាភិបាល បានបន្តផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ៨៥៣គ្រួសារ នៅស្រុកតាំងគោក និងស្រុកសន្ទុក
05-11-2026 22:11
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះចែកស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៥៣គ្រួសារ ក្នុងស្រុកតាំងគោក និងស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន មានប្រសាសន៍ថា ការចុះចែកស្រូវពូជនេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ ហើយការចែកស្រូវពូជជូនប្រជាពលរដ្ឋនាពេលនេះ គឺស្ថិតក្នុងក្របខណ្ឌនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ជាពិសេសជួយស្ដារឡើងវិញនូវការផលិតស្រូវ ដើម្បីឱ្យប្រជាកសិករមានលទ្ធភាពបន្តការបង្កបង្កើនផលសម្រាប់រដូវកាលបន្ទាប់។
លោកបានបន្តថា ការផ្តល់ជូនស្រូវពូជនេះ ក៏ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ និងជាការរួមចំណែកជួយកាត់បន្ថយបន្ទុកចំណាយក្នុងការស្តារផលិតកម្មកសិកម្មឡើងវិញ ហើយត្រូវខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងវិញ។
លោក បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបន្តសាមគ្គីភាព រួមគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានោះ ប្រជាកសិករដែលទទួលបានស្រូវពូជសម្តែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ និងផ្ដល់ជំនួយជាស្រូវពូជទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលនិងស្តារជីវភាពគ្រួសាររបស់ពួកគាត់ឡើង វិញផងដែរ។
សូមបញ្ជាក់ថា ប្រជាកសិករដែលទទួលបានស្រូវពូជមានចំនួន ៨៥៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានចំនួន ១០០គីឡូក្រាម៕

















































