FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?

05-11-2026 20:55

(វ៉ាស៊ីនតោន)៖ ការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកបានបិទបញ្ចប់ គណបក្សសាធារណរដ្ឋបានបាត់បង់ការគ្រប់គ្រងទាំងព្រឹទ្ធសភា និងរដ្ឋសភាទៅឱ្យគណបក្សប្រជាធិបតេយ្យ។ ការណ៍នេះធ្វើឱ្យអាណត្តិទី២របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលគណបក្សសាធារណរដ្ឋរបស់លោកបាត់បង់ការគ្រប់គ្រងសភាទាំង២ ត្រូវប្រឈមមុខនឹងការពិតដែលពេលវេលាផ្ដួចផ្ដើមការតាក់តែងច្បាប់ ឬគោលនយោបាយក្នុងស្រុកបានកន្លងហួសទៅហើយ។ បើតាមក្រុមអ្នកវិភាគ វាជារឿងធម្មតានៅពេលគិតគូរពីមរតកនយោបាយ ប្រធានាធិបតីអាមេរិកម្នាក់ដែលស្ថិតក្នុងរយៈពេលសេសសល់នៃអាណត្តិចុងក្រោយរបស់ពួកគេ តែងតែងាកទៅរកនយោបាយការបរទេស។

ប៉ុន្តែអាណត្តិចុងក្រោយរបស់លោក ត្រាំនឹងមិនដូចគ្នាទៅនឹងប្រធានាធិបតីអាមេរិកមុនៗនោះទេ។ ក្នុងរយៈពេលចុងក្រោយនៃអាណត្តិទី១ ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ លោក ត្រាំបានប្រើប្រាស់ចន្លោះពេលនេះដើម្បីប្រកែកតវ៉ានឹងលទ្ធផលបោះឆ្នោត បើទោះមានភស្តុតាងបង្ហាញយ៉ាងច្បាស់ថាលោក ចូ បៃដិន បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅពេលនោះក៏ដោយ។ ដោយក្នុងពេលឆាប់ៗ គណបក្សប្រជាធិបតេយ្យនឹងគ្រប់គ្រងលើព្រឹទ្ធសភា និងរដ្ឋសភា ការគំរាមដំណើរការនីតិវិធីចោទប្រកាន់ដកតំណែង ឬការស៊ើបអង្កេត លើមុខជំនួញរបស់គ្រួសារលោក ត្រាំ ទំនងជានឹងធ្វើឱ្យប្រធានាធិបតីដែលគេពិបាកស្មានចិត្តរូបនេះមានអារម្មណ៍ទាល់ច្រក និងខឹងសម្បារ។ នៅទីនេះវាជាការក្រើនរំឮកថាតើហេតុអ្វីបានជាអាណត្តិសេសសល់របស់លោក ត្រាំ ជាអាចជារយៈពេលដ៏គ្រោះថ្នាក់។

លទ្ធផលនៃការ​បោះឆ្នោតពាក់កណ្ដាលអាណត្តិមិនបានធ្វើឱ្យ​ប៉ះពាល់​ដល់​តួនាទីរបស់​លោក​ ត្រាំ​ទេ ហើយជាពិសេសលោកនៅតែមានសិទ្ធិចាត់ចែងគោលនយោបាយការបរទេស បើទោះជាគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាទាំង២ក៏ដោយ។ លោក ដូណាល់ត្រាំ នៅ​តែ​ជា​ប្រធានាធិបតី​អាមេរិក​រហូត​ដល់​ផុត​អាណត្តិ ហើយលោកបានបញ្ជាក់​ជា​រួចស្រេច​​ថាលោកនឹងធ្វើជា​ប្រធានាធិបតី​វេតូ។ ពោលគឺលោកអាចនឹង ប្រើសិទ្ធិវេតូប្រឆាំងនឹងរាល់ច្បាប់ដែលត្រូវបានអនុម័តដោយសភាទាំង២របស់សហរដ្ឋអាមេរិក។

បើតាមអ្នកវិភាគ ដូចជាលោកស្រី ELIZABETH N. SAUNDERS ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Columbia និងជាអ្នកវិភាគម្នាក់ឱ្យស្ថាប័ន Brookings Institution យល់ថាលោក ត្រាំទំនងជានឹងធ្វើសកម្មភាពលើអ៉ីរ៉ង់។ លោក ត្រាំហាក់ជឿថាការបង្កើនជម្លោះឡើងវិញក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ អាចនឹងបំបែកភាពជាប់គាំងដើម្បីឈានទៅរកការជួយសង្រ្គោះកេរ្តិ៍តំណែលនយោបាយរបស់លោក។ ក៏ប៉ុន្តែមេដឹកនាំអ៉ីរ៉ង់នឹងមិនចុះញ៉មទេ ចំពោះមុខការវាយប្រហារសាជាថ្មីពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ ផ្ទុយទៅវិញ ពួកគេអាចនឹងបង្កើនការវាយប្រហារលើកប៉ាល់ដឹកប្រេង វាយប្រហារលើបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ឈូងសមុទ្រពែក្ស ហើយមិនអើពើនឹងសំណើការទូតរហូតទាល់តែលោក ត្រាំផុតអាណត្តិ។ ម្យ៉ាងវិញទៀត ជម្រើសផ្ទាល់របស់លោក ត្រាំប្រហែលជាមានព្រំដែនកំណត់ ក៏ព្រោះតែការបង្កើនជម្លោះទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់ ដូចជាការបញ្ជូនកងទ័ពថ្មើរជើងវាយលុកកាន់កាប់កោះ Kharg អាចនឹងមិនទទួលបានការគាំទ្រពីមូលដ្ឋានអ្នកគាំទ្ររបស់លោកឡើយ ខណៈសូម្បីតែអនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏បាននិយាយដែរថាមូលហេតុធ្វើឱ្យគណបក្សសាធារណរដ្ឋបរាជ័យធ្ងន់ធ្ងរក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ គឺដោយសារសង្រ្គាមអ៉ីរ៉ង់។

មិនតែប៉ុណ្ណោះ ក្រុមអ្នកគាំទ្រលោក ត្រាំផ្កាប់មុខក៏កំពុងធុញទ្រាន់នឹងការកើនឡើងការចំណាយលើជីវភាពប្រចាំថ្ងៃ និងការឡើងថ្លៃតម្លៃថាមពលបង្កឡើងដោយសង្រ្គាមអ៉ីរ៉ង់ផងដែរ ហើយម្យ៉ាងការផ្ទុះឡើងវិញនូវសង្រ្គាមជាមួយអ៉ីរ៉ង់អាចនឹងរុញឱ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ តាមលោកស្រី ELIZABETH លោក ត្រាំក៏អាចព្យាយាមដែរក្នុងការប៉ុនប៉ងជំរុញការផ្លាស់ប្ដូររបបដឹកនាំនៅគុយបា។ លោក ត្រាំ បានដាក់ចេញរួចទៅហើយការបិទខ្ទប់លើគុយបាស្ទើរពេញមួយឆ្នាំ២០២៦នេះ ដើម្បីធ្វើឱ្យខ្សែការពារគុយបាចុះខ្សោយ។ ការបិទខ្ទប់នេះបានរារាំងមិនឱ្យប្រេង ជាពិសេសប្រេងពីវ៉េណេស៊ុយអេឡាហូរចូលទៅក្នុងគុយបា ខណៈប្រជាជនគុយបាកំពុងប្រឈមមុខនឹងការខ្វះខាតអគ្គិសនីប្រើប្រាស់បានធ្វើឱ្យសេដ្ឋកិច្ចគុយបាកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ការប្ដូររបបដឹកនាំនៅគុយបាជាអាទិភាពផ្ទាល់ខ្លួនមួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ ហើយវាក៏ស្របគ្នាទៅនឹងគោលនយោបាយ «Donroe Doctrine» របស់លោក ត្រាំ ដែលចង់ឱ្យសហរដ្ឋអាមេរិកមាន អំណាចផ្ដាច់មុខលើទ្វីបអាមេរិកទាំងមូល។ សម្រាប់លោក ត្រាំ ការវាយប្រហារលើគុយបា អាចជាជម្រើសគួរឱ្យទាក់ទាញមួយ ពីព្រោះវានឹងមិនតម្រូវឱ្យលោកត្រូវចំណាយធនធានយោធាច្រើនសន្ធឹកសន្ធាប់ ហើយយ៉ាងហោចណាស់នៅក្នុងចិត្តរបស់លោក វាអាចនឹងដោះស្រាយបញ្ហាមួយដែលគ្មានប្រធានាធិបតីអាមេរិកណាម្នាក់អាចដោះស្រាយបានចាប់តាំងពីជំនាន់រដ្ឋបាលលោក Eisenhower មក។ ក្រុមអ្នកវិភាគយល់ថាតាមពិទៅ លោក ត្រាំ ប្រហែលជាធ្វើសកម្មភាពលើគុយបាទៅហើយ ប្រសិនបើមិនជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ទេនោះ។

អ្នកវិទ្យាសាស្ត្រនយោបាយ លោក Alexander Downes បាននិយាយថាការប្រើប្រាស់កម្លាំងបាយដើម្បីផ្លាស់ប្ដូររបបដឹកនាំ កម្រនឹងទទួលបានផលល្អណាស់ ហើយជាញឹកញាប់តែងតែនាំទៅរកផលវិបាកដែលគេមិនអាចប៉ាន់ស្មានបាន។ ក្នុងករណីគុយបា ផលវិបាកនោះគឺអាចនឹងជំរុញឱ្យមានវិបត្តិជនភៀសសឹករត់សម្រុកចូលទៅក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែចំពោះលោក ត្រាំ ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃអាណត្តិរបស់លោក វាប្រហែលជាមានតម្លៃស័ក្តិសមនឹងក្ដាប់យកឱកាសដែលអាចធ្វើឱ្យក្លាយជាប្រធានាធិបតីដំបូងគេរបស់សហរដ្ឋអាមេរិកដែលមានសមត្ថភាពប្ដូររបបដឹកនាំកុម្មុយនិស្តនៅគុយបា។ នៅពេលនិយាយដល់នយោបាយការបរទេស លោក ត្រាំ ជាមនុស្សម្នាក់ចូលចិត្តលូកដៃចូលដោះស្រាយបញ្ហាស្មុគស្មាញដែលគេផ្សេងមិនអាចដោះបាន។ លោក ត្រាំក៏ប្រហែលជាមើលឃើញដែរថាការប្ដូររបបនៅគុយបាគឺជាមធ្យោបាយមួយដើម្បីបង្វែរចំណាប់អារម្មណ៍ចេញពីបរាជ័យរបស់លោកនៅអ៉ីរ៉ង់។

ក្រៅពីនេះជម្រើសផ្សេងទៀតរបស់លោក ត្រាំ នោះគឺលោក ត្រាំអាចនឹងប្រឹងប្រែងធ្វើឱ្យទ្រព្យសម្បត្តិគ្រួសាររបស់លោកកើនឡើង។ លោក ត្រាំ និងសមាជិកគ្រួសាររបស់លោកបានទទួលយកយន្ដហោះមួយគ្រឿងពីកាតា ការវិនិយោគ ២ពាន់លានដុល្លារពីមូលនិធិមួយគ្រប់គ្រងដោយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត និងទទួលបានផលចំណេញពីក្រុមហ៊ុន ឬស្ថាប័នរូបិយបណ្ណគ្រីបតូចមួយចំនួនដែលភាគច្រើនជាជនបរទេស។ បើតាមសារព័ត៌មានអាមេរិក The New Yorker គ្រួសាររបស់លោក ត្រាំ បានកើបផលចំណេញ ៤ពាន់លានដុល្លារ។ លោក ត្រាំ ដោយដឹងយ៉ាងច្បាស់ថាព្រឹទ្ធសភាអាមេរិកនឹងមិនអាចប្រមូលបានសំឡេងឆ្នោត ៦៧ ដែលចាំបាច់ដើម្បីទម្លាក់ចេញពីតំណែង អាចនឹងធ្វើការសន្មត់ថាលោកអាចបន្តស្វែងប្រាក់ចំណេញបន្ថែមដោយមិនបារម្ភពីផលវិបាក។

យ៉ាងណាក៏ដោយ ជម្រើសគោលនយោបាយការបរទេសដ៏ភ្ញាក់ផ្អើលបំផុតមួយ នោះគឺលោក ត្រាំ អំឡុងអណត្តិសេសសល់ នៅស្ងៀមស្ងាត់មិនធ្វើអ្វីទាំងអស់។ លោក ត្រាំ អាចធ្វើឱ្យខ្លួនឯងរវល់ក្នុងការរៀបចំកែលម្អការិយាល័យពងក្រពើ សាល White House ballroom និងមជ្ឈមណ្ឌល Kennedy Center។ វាក៏មានផងដែរឱកាសមួយដែលលោក ត្រាំ អាចចំណាយពេល ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោកដោយចេញការលើកលែងទោស ព្យាយាមប្រើប្រព័ន្ធច្បាប់ប្រឆាំងសត្រូវនយោបាយ និងសាងសង់បូជនីយដ្ឋានដើម្បីរំឮកដល់ខ្លួនឯង។ ផ្អែក លើជម្រើសផ្សេងទាំងអស់នេះ ភាពអសកម្មលើគោលនយោបាយការបរទេសអាចជាសេណារីយ៉ូល្អមួយសម្រាប់លោក ត្រាំ ក្នុងពេល សេសសល់នៃអាណត្តិជាប្រធានាធិបតីរបស់លោក៕