ពលរដ្ឋភូមិអន្លង់មេត្រី ស្រុកជលគីរី ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលអនុញ្ញាតឲ្យពួកគាត់ធ្វើការនេសាទជាសហគមន៍
05-11-2026 20:20
(កំពង់ឆ្នាំង)៖ ក្រុមការងារនាយកដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចុះទៅដល់ទីតាំង(អូរប្រឡាយបឹងឥន្ធពេជ្រ) ក្នុងស្រុកជលគីរី ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ស្នើសុំទៅថ្នាក់ដឹកនាំធ្វើការនេសាទចាប់ត្រី ដើម្បីលក់យកថវិកាកសាងស្ពានមួយកន្លែងនៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលរងខេត្ត និងមានការចូលរួមពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត, លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង,លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង, អាជ្ញាធរស្រុកជលគីរី, អាជ្ញាធរឃុំពាមឆ្កោក, លោកមេភូមិ និងសហគមន៍នេសាទអន្លង់មេត្រី,លោកអធិការនគរបាលស្រុក និងលោកមេបញ្ជាការអាវុធហត្ថស្រុកជលគីរី។
លោក សែ ងួន តំណាងប្រជាពលរដ្ឋចំនួន២២៤នាក់ ដែលបានដាក់សំណើស្នើសុំទៅថ្នាក់ដឹកនាំ ដើម្បីធ្វើការនេសាទចាប់ត្រីនៅចំណុចខាងលើ យកថវិកាសាងសង់ស្ពានមួយកន្លែង នៅក្នុងមូលដ្ឋានរបស់ពួកគាត់ខាងលើនេះ បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើទីតាំងដែលបានស្នើសុំធ្វើការនេសាទរួចមក ក្រុមការងារចម្រុះ ដឹកនាំដោយមន្ត្រីបច្ចេកទេសរបស់ក្រសួងកសិកម្ម ក៏បានសម្រេចឲ្យពលរដ្ឋដែលស្នើសុំធ្វើការនេសាទជាសហគមន៍ អាចធ្វើការនេសាទបាន តែត្រូវអនុវត្តតាមការណែនាំរបស់ក្រុមការងារបច្ចេកទេស នៃក្រសួងកសិកម្ម ទាំងទំហំ, ប្រវែង និងក្រឡាសាច់អូនទៅតាមច្បាប់ស្ដីពីជលផល។ ក្នុងនោះក្រុមការងារចម្រុះ ក៏បានឲ្យប្រជាពលរដ្ឋធ្វើការរុះរើកែតម្រូវរបាំងធ្នួសមួយចំនួន នៅចំពោះមុខក្រុមការងារចម្រុះផងដែរ និងបានបាញ់ថ្នាំបង្គោលធ្នួសជាសម្គាល់ទៅតាមការកំណត់របស់ក្រសួង។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីធ្វើការពិនិត្យជាក់ស្ដែងទៅលើទីតាំងដែលពលរដ្ឋស្នើសុំធ្វើការនេសាទខាងលើនេះ ក្រុមការងារចម្រុះ ដែលមានក្រុមការងារបច្ចេកទេសរបស់ក្រសួងកសិកម្មចូលរួមផងដែរនោះ បានសម្រេចឲ្យប្រជាពលរដ្ឋដែលស្នើសុំធ្វើការនេសាទនៅចំណុចខាងលើ ដោយសម្រេចអនុញ្ញាតឲ្យពួកគាត់អាចធ្វើការនេសាទ តែត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួង។
លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា បន្ទាប់ពីក្រុមការងារចម្រុះបានពិនិត្យនៅទីតាំងដែលពលរដ្ឋ ស្នើសុំធ្វើការនេសាទរួចហើយ ក្រុមការងារបានបន្តទៅពិនិត្យទីតាំងដែលជាគម្រោងសាងសង់ស្ពានរបស់ពលរដ្ឋ ស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ក្នុងស្រុកជលគីរី។ ដោយពិនិត្យឃើញថា ទំហំនៃការកសាងស្ពានត្រូវចំណាយថវិកាច្រើន និងមិនអាចយកថវិកាបានមកពីការនេសាទដើម្បីធ្វើការសាងសង់ស្ពានបាន។ ដូច្នេះលោកអភិបាលរងខេត្ត ដែលបានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ បញ្ជាក់ថា ការសាងសង់ស្ពាននេះខេត្តនឹងធ្វើការសិក្សាជាបន្តទៀត ដើម្បីធ្វើការស្ថាបនាស្ពានមួយកន្លែងនេះ ជូនប្រជាពលរដ្ឋទៅតាមការស្នើសុំរបស់ពួកគាត់។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានអនុញ្ញាតតាមសំណើរបស់ពួកគាត់។ ពួកគាត់នឹងអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម ក្នុងការប្រើឧបករណ៍នេសាទ ដែលក្រសួងបានកំណត់ និងបានបាញ់ថ្នាំក្រហមទុកជាសម្គាល់ស្រាប់។
ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងវិសេសវិសាល ដល់ថ្នាក់ដឹកនាំខេត្ត ដែលលោកបានបញ្ជាក់ថា អាជ្ញាធរខេត្ត និងសិក្សាបន្ថែមទៀត ចំពោះករណីដែលប្រជាពលរដ្ឋស្នើសុំធ្វើស្ពានមួយកន្លែងខាងលើកនេះ សម្រាប់ការធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលកសិកម្មផ្សេងៗ ពីស្រុកជល់គីរីទៅកាន់ស្រុកកំពង់លែង៕

















