FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា

05-11-2026 20:17

(ភ្នំពេញ)៖ លោក Jonathan T. M. Reckford នាយកប្រតិបត្តិនៃអង្គការលំនៅ​ឋាន​មនុស្ស​ជាតិអន្តរជាតិ (HFHI) បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំប្រកប​ដោយ​ចក្ខុ​វិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់​ខ្ពស់​លើការអភិវឌ្ឍលំនៅឋានសមរម្យ ការពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ សំដៅលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែលលោកនាយកប្រតិបត្តិ និងសហការី អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូនអំពីបេសកកម្ម និងសកម្មភាព​របស់​អង្គការ HFHI នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា ស្របតាមចក្ខុវិស័យ «ពិភពលោកដែលមនុស្សគ្រប់រូបមានទីកន្លែងសមរម្យសម្រាប់ការរស់នៅ»។

លោកនាយកប្រតិបត្តិ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​តែងតែផ្តល់​ការ​គាំទ្រដល់អង្គការ HFHI ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៣ មក។ លោកបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដាក់​ចេញនូវគោលនយោបាយផ្តល់លំនៅឋានជូន​ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ លើសពីនេះ លោកនាយកប្រតិបត្តិអង្គការ HFHI បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាល​ភាពរស់​នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការក្នុងការលើក​កម្ពស់​ជីវភាព​របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះ។ សម្ដេចមហា​បវរធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់លើការ​ពង្រឹងការអភិវឌ្ឍ​នគ​រូបនីយកម្ម ការកែលម្អលក្ខខណ្ឌរស់នៅ និងការលើកកម្ពស់លំនៅឋានដែលមានត​ម្លៃ​សមរម្យសម្រាប់គ្រួសារដែលមានចំណូលទាប និងគ្រួសារ​ក្រីក្រ​​ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ដោយមើលឃើញពីសារៈសំខាន់នៃកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ រាជរដ្ឋា​ភិបាល​បានកំណត់ទិសដៅជំរុញការបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧ សំដៅបង្កលក្ខ​ខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អចលនទ្រព្យរបស់ខ្លួន ដើម្បីប្រកប​របរ​ចិញ្ចឹមជីវិត ព្រមទាំងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិន។ ការណ៍នេះ នឹងផ្តល់លទ្ធភាព​ដល់រាជរដ្ឋាភិបាលក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង និងអនុវត្ត «ទស្សន​ទាន​នៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ប្រកបដោយ​ប្រសិទ្ធភាព។

សម្ដេចមហាបវរធិបតី បានបន្ថែមទៀត​ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធី និង​គោល​នយោបាយជាច្រើន ក្នុងការផ្តល់ដីធ្លី និងលំនៅឋានជូនពលរដ្ឋដែលគ្មានដីពិតប្រាកដ រួមមាន៖ កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ការផ្តល់ដីសម្បទាន​សង្គមកិច្ច និងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ជាដើម។ ជាក់ស្ដែង​ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់​ខ្ពស់របស់​រាជរដ្ឋាភិបាល ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នប្រមាណ ៥ ០០០ខ្នង ជូនដល់ជន​ភៀសសឹកដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យនាយកប្រតិបត្តិនៃអង្គការ HFHI បន្តពិភាក្សា និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​របស់រាជរដ្ឋា​ភិបាល​កម្ពុជា ដើម្បីធានាឱ្យបាននូវជោគជ័យនៃគម្រោងនានារបស់អង្គការ ស្របតាមគោល​នយោបាយអភិវឌ្ឍន៍លំនៅឋានសមរម្យ ជូនប្រជាជនកម្ពុជា៕