វេជ្ជបណ្ឌិត គួង ឡូ៖ បច្ចុប្បន្នខេត្តព្រះវិហារគ្មានករណីជំងឺគ្រុនចាញ់ទេ ប៉ុន្តែមន្ទីរសុខាភិបាលខេត្តនៅតែពង្រឹងការប្រុងប្រយ័ត្ន
05-11-2026 20:13
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីជំនាញ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Yannick Martin ប្រធានអង្គការ Malaria Consortium (MC) ប្រចាំប្រទេសកម្ពុជា ដែលទើបចូលកាន់តំណែង និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅក្នុងខេត្តព្រះវិហារ។
ក្នុងជំនួបនេះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងជម្រាបជូនប្រតិភូអង្គការ Malaria Consortium អំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងការរីកចម្រើននៃប្រព័ន្ធសុខាភិបាលក្នុងខេត្តព្រះវិហារ ដែលកាន់តែមានភាពប្រសើរឡើង និងខិតជិតប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការទទួលបានសេវាថែទាំសុខភាព ដោយបច្ចុប្បន្នខេត្តព្រះវិហារ មានមូលដ្ឋានសុខាភិបាល រួមមាន មន្ទីរពេទ្យបង្អែកចំនួន៣ មណ្ឌលសុខភាពចំនួន៣០ និងប៉ុស្តិ៍សុខភាពចំនួន១៦។
ពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនចាញ់ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងបញ្ជាក់ថា ទោះបីបច្ចុប្បន្នខេត្តព្រះវិហារមិនមានករណីជំងឺគ្រុនចាញ់ក៏ដោយ ប៉ុន្តែហានិភ័យនៃការនាំចូលករណីជំងឺពីតំបន់ ឬប្រទេសផ្សេងៗនៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់។ ជាពិសេសលោក ក៏បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលអាចបង្កហានិភ័យនៃការនាំចូល និងការចម្លងជំងឺគ្រុនចាញ់ ប្រសិនបើមានការចល័តកងកម្លាំងពីតំបន់ដែលមានជំងឺគ្រុនចាញ់ទៅកាន់តំបន់ព្រំដែន ខណៈកងទ័ពនៃប្រទេសទាំងពីរឈរជើងនៅក្បែរគ្នា។
ដូច្នេះការត្រៀមលក្ខណៈ ការតាមដានស្ថានភាពជំងឺ និងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារការកតើតឡើងវិញនៃជំងឺគ្រុនចាញ់ (PoR)។ ប្រសិនបើមានការកើតឡើងវិញនៃជំងឺគ្រុនចាញ់ និងមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងកងកម្លាំងនៅតាមតំបន់ព្រំដែន ព្រមទាំងអាចប៉ះពាល់ដល់ការទទួលបាននូវវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់របស់ប្រទេសកម្ពុជា ពីអង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ២០២៩ ឬឆ្នាំ២០៣០។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងលើកឡើងពីបញ្ហាប្រឈមមួយចំនួនក្នុងវិស័យសុខាភិបាលនៅតាមសហគមន៍ ទោះបីវិស័យសុខាភិបាលក្នុងខេត្តមានការរីកចម្រើនក៏ដោយ។បញ្ហាទាំងនោះរួមមាន ជំងឺមិនឆ្លង សុខភាពមាតា និងទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលមួយផ្នែកបណ្តាលមកពីការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិត។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណចំពោះអង្គការ Malaria Consortium ដែលបានសហការយ៉ាងល្អជាមួយមន្ទីរសុខាភិបាលខេត្តកន្លងមក ក្នុងការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់។ លោកក៏បានស្នើឱ្យអង្គការបន្តផ្តល់ការគាំទ្រដល់កម្មវិធីនេះ ព្រមទាំងជួយស្វែងរកប្រភពថវិកាបន្ថែមពីដៃគូអភិវឌ្ឍន៍នានា ដើម្បីឆ្លើយតបនឹងតម្រូវការ និងពង្រីកការគាំទ្រដល់កម្មវិធីសុខាភិបាលផ្សេងៗទៀតក្នុងខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ជំនួបនេះបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងការពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លង ព្រមទាំងការពារសុខុមាលភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត៕









