លោកស្រី ឃួន ឃុនឌី ជំរុញកីឡាករទូកស្រុកកំពង់ស្វាយ ខិតខំប្រឹងប្រែងដើម្បីជ័យជម្នះ ក្នុងពិធីបុណ្យអុំទូកខេត្តកំពង់ធំ
05-11-2026 20:12
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករទូកក្នុងស្រុកកំពង់ស្វាយ ឲ្យខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជម្នះក្នុងពិធីបុណ្យអុំទូកក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ។
លោកស្រី ឃួន ឃុនឌី បានជំរុញដូចនេះនារសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ ក្នុងពិធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករទូកក្នុងស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងកីឡាករទូកប្រមាណជិត ១ ពាន់នាក់។
លោកស្រី ឃួន ឃុនឌី បានគូសបញ្ជាក់ថា ការប្រណាំងទូកនេះកើតចេញពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅសុខសាន្ត និងមានឱកាសជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយ។
លោកស្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់នេះ សម្រាប់កូនចៅជំនាន់ក្រោយ និងបានថ្លែងអំណរគុណដល់ព្រះសង្ឃ អាចារ្យ និងគណៈកម្មការ ដែលបានផ្តួចផ្តើមកសាងទូក «ង» នេះឡើង។
លោកស្រីក៏បានលើកទឹកចិត្តឲ្យកីឡាករទាំងអស់រក្សាសុខភាពល្អ មានទំនាក់ទំនងល្អ មេត្រីភាព និងសាមគ្គីភាព ដើម្បីចៀសផុតពីគ្រឿងញៀន និងអំពើអសន្តិសុខផ្សេងៗ។ ដើម្បីឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ លោកស្រីបានណែនាំឲ្យកីឡាករគោរពបទបញ្ជាផ្ទៃក្នុង រក្សាសាមគ្គីភាព មិត្តភាពជាមួយដៃគូ និងសេចក្តីថ្លៃថ្នូររបស់កីឡាករ។
ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្លៀកបំពាក់កីឡា និងថវិកាឧបត្ថម្ភផ្ទាល់ខ្លួន ព្រមទាំងជំនួយពីក្រុមការងារ ដើម្បីជួយសម្រួលដល់ការហូបចុក និងការស្នាក់នៅរបស់កីឡាករអំឡុងពេលប្រកួតផងដែរ៕

















