ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
05-11-2026 20:02
(ភ្នំពេញ)៖ លោក អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។
លោកឯកអគ្គរាជទូត បង្ហាញការប្តេជ្ញាបែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
នៅក្នុងជំនួបនេះ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ ព្រមទាំងប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
លោកឯកអគ្គរាជទូត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការងារបោសសម្អាតមីន។
សម្តេចមហាបវរធិបតី បានអបអរសាទរលោកឯកអគ្គរាជទូតជប៉ុន ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា និងមានជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តត្រូវបានពូនជ្រំឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណជប៉ុន ដែលបានបន្តគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបណ្តុះបណ្តាលមន្ត្រីយោយោធាកម្ពុជា កិច្ចសហប្រតិបត្តិការស្តីពីការបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN PKO) និងសកម្មភាពបោសសម្អាតមីន។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការគាំទ្រប្រកបដោយភាពបត់បែនរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនវិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុន សំដៅពង្រឹង និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច និងធុរកិច្ច (B2B) មកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សម្តេចមហាបវរធិបតី និងលោកឯកអគ្គរាជទូត បានពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហការលើវិស័យសំខាន់ៗមួយចំនួនរួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាបៃតង។
ក្នុងជំនួបនេះសម្តេចមហាបវរធិបតី បានជម្រាបលោកឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕









