FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ចិន រៀបចំបាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០»

05-11-2026 17:00

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំ បាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។

ពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក Feng Hui អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល, លោកបណ្ឌិតច្បាប់ កៅ មុយថង អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន, លោកបណ្ឌិត សាស្ត្រាចារ្យរង នាក់ ចន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា ស្រាវជ្រាវផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១, លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសិស្ស-និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណជិត ១០០នាក់។ បាឋកថានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈជុំវិញការដឹកនាំ និងអភិបាលកិច្ចរបស់ប្រទេសចិន ព្រមទាំងសិក្សាពីសារៈសំខាន់នៃបទពិសោធន៍ទាំងនោះចំពោះការអភិវឌ្ឍជាសកល។

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា នៅពេលសិក្សាអំពីអភិបាលកិច្ចរបស់ប្រទេសចិន យើងមិនអាចមើលរំលងទស្សនៈ និងគំនិតដឹកនាំរបស់លោកស៊ី ជីនភីងដែលបានបង្ហាញតាមរយៈសៀវភៅ«អភិបាលកិច្ចប្រទេសចិន»នោះទេ។ ចំណុចសំខាន់មួយដែលយើងគួរយកចិត្តទុកដាក់ គឺការភ្ជាប់ការដឹកនាំដ៏តឹងរឹងនិងគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនិស្តចិន ជាមួយនឹងផលប្រយោជន៍ជាក់ស្តែង របស់ប្រជាជនចិន។

កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ គឺជាប្រធានបទដ៏សំខាន់សម្រាប់ការសិក្សា អំពីទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិន។ ការពិភាក្សាអំពីកិច្ចប្រជុំនេះអាចជួយឱ្យ យើងយល់កាន់តែច្បាស់អំពីការកំណត់គោលដៅអភិវឌ្ឍន៍ ការរៀបចំ ផែនការសម្រាប់អនាគត និងការត្រៀមខ្លួនរបស់ប្រទេសចិន ចំពោះការផ្លាស់ប្តូរនៃស្ថានភាពក្នុងតំបន់ និងពិភពលោក ។

លោក Feng Hui អ្នកទទួលខុសត្រូវនៃវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានផ្តោតទៅលើការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយ គឺដើម្បីដកស្រង់មេរៀនពីការរីកចម្រើន និង ការចុះខ្សោយរបស់គណបក្សនានាលើពិភពលោក និងជាការរៀបចំយន្តការស្ថាប័នជាយុទ្ធសាស្ត្រ ដើម្បីកសាងការធានាជាមូលដ្ឋានសម្រាប់ស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លោកបន្តថា «សេចក្តីសម្រេចស្តីពីបញ្ហាសំខាន់ៗមួយចំនួននៃការជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងនិងគ្រប់ជ្រុងជ្រោយដោយឥតងាករេ»ដែលត្រូវបានពិនិត្យ និងអនុម័ត មានភាពច្បាស់លាស់ណាស់ គឺ៖ ដោយផ្អែកលើសមិទ្ធផលអភិបាលកិច្ចដែលមានស្រាប់ ជំរុញឱ្យការធ្វើបដិវត្តន៍ខ្លួនឯង របស់បក្សដំណើរការដោយប្រក្រតីភាព ក្លាយទៅជាយន្តការស្ថាប័ន និងមានប្រសិទ្ធភាពយូរអង្វែង ដើម្បីឱ្យបក្សកុម្មុយនីស្តចិនរក្សាបានជានិច្ច នូវភាពបរិសុទ្ធ កម្លាំងប្រយុទ្ធ និងភាពជឿនលឿន ព្រមទាំងមានសមត្ថភាពជានិច្ច ក្នុងការដឹកនាំប្រទេសចិន ដើរលើមាគ៌ាទំនើបកម្មបែបផែនចិនឱ្យបានល្អ។

ជាមួយគ្នានេះ សហគមន៍អន្តរជាតិតែងតែមានចម្ងល់ថា៖ ហេតុអ្វីបានជាប្រទេសចិនអាចរក្សាស្ថិរភាពបានយូរអង្វែង មានការអភិវឌ្ឍជាបន្តបន្ទាប់ និងអាចអនុវត្តគម្រោងធំៗដោយឥតងាករេបាន? កត្តាជាមូលដ្ឋាន គឺដោយសារប្រទេសចិន មានបក្សកាន់អំណាចផ្អែកលើបេសកកម្ម ដែលមានសមត្ថភាពសម្អាតខ្លួនឯង កែលម្អខ្លួនឯង ធ្វើបដិវត្តន៍ខ្លួនឯង និងលើកកម្ពស់ខ្លួនឯង។ បក្សកុម្មុយនីស្តចិនពឹងផ្អែកលើចម្លើយពីរ គឺ “អនុញ្ញាតឱ្យប្រជាជនត្រួតពិនិត្យរដ្ឋាភិបាល” និង “ការធ្វើបដិវត្តន៍ខ្លួនឯង” ដើម្បីចាកចេញពីវដ្តប្រវត្តិសាស្ត្រ ពីការរីកចម្រើនរុងរឿងដល់ការចុះខ្សោយ ព្រមទាំងដកស្រង់មេរៀនប្រវត្តិសាស្ត្រពីការរីកចម្រើន និង ចុះខ្សោយ របស់បក្សធំៗលើពិភពលោក ដើម្បីបោះជំហានទៅមុខយ៉ាងរឹងមាំឆ្ពោះទៅកាន់បេសកកម្មវែងឆ្ងាយ គឺការស្តារភាពរុងរឿងនៃប្រជាជាតិ សុភមង្គលរបស់ប្រជាជន និងវឌ្ឍនភាពរបស់មនុស្សជាតិ។

លោកបណ្ឌិតកៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិនបានមានប្រសាសន៍ថា ការពង្រឹងអភិបាលកិច្ចបក្ស ការរឹតបន្តឹងវិន័យ ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការធានាឱ្យសេចក្តីសម្រេចចិត្តរបស់បក្សត្រូវបានអនុវត្តជាក់ស្តែង បានក្លាយជាផ្នែកសំខាន់មួយ នៃការពង្រឹងប្រព័ន្ធដឹកនាំ និងអភិបាលកិច្ចរបស់ប្រទេសចិន។ គោលគំនិតរបស់លោក ស៊ី ជីនពីង ស្តីពី «អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ» មិនមែនសំដៅត្រឹមតែការដាក់វិន័យលើសមាជិកបក្សឬការដាក់ទណ្ឌកម្ម លើមន្ត្រីដែលប្រព្រឹត្តខុសប៉ុណ្ណោះទេ។ គោលគំនិតនេះមានវិសាលភាពទូលំទូលាយជាងនេះ ដោយផ្តោតលើការពង្រឹង ការគ្រប់គ្រងផ្ទៃក្នុងបក្ស ការកែលម្អប្រព័ន្ធបទប្បញ្ញត្តិ ការត្រួតពិនិត្យការប្រើប្រាស់អំណាច និងការធានាឱ្យមន្ត្រីគ្រប់កម្រិត បំពេញភារកិច្ចប្រកបដោយវិន័យ និងការទទួលខុសត្រូវ។

លើសពីនេះ អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ មិនមែនជាយុទ្ធនាការដែល អនុវត្តតែក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាការងារបន្តដែលត្រូវអនុវត្តជាប្រចាំ។ គោលបំណងគឺធ្វើឱ្យវិន័យ ការត្រួតពិនិត្យ និងការទទួលខុសត្រូវ ក្លាយជាផ្នែកមួយនៃប្រព័ន្ធដឹកនាំ និងការបំពេញការងាររបស់បក្ស។ ដូច្នេះ ការផ្តោតសំខាន់មិនមែនត្រឹមតែការដោះស្រាយករណីប្រព្រឹត្តខុសក្រោយពេលកើតហេតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបង្ការបញ្ហា និងការកែលម្អប្រព័ន្ធ ដើម្បីកាត់បន្ថយឱកាសនៃការរំលោភបំពានអំណាចផងដែរ។

ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ អភិវឌ្ឍន៍របស់ប្រទេសចិន ខ្ញុំបានសឹក្សាឃើញថា បក្សកុម្មុយនិស្តចិនបានដើរតួនាទីស្នូល ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រ រៀបចំផែនការអភិវឌ្ឍន៍ និងជំរុញការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិនិងមូលដ្ឋានបានច្បាស់លាស់ និងមានបរិយាប័នខ្ពស់។ ការកំណត់គោលដៅរយៈពេលវែង ការកៀរគរធនធាន និងការសម្របសម្រួលការងាររបស់ស្ថាប័នពាក់ព័ន្ធ គឺជាកត្តាសំខាន់ៗដែលបានរួមចំណែកដល់ការធ្វើទំនើបកម្ម និងការរីកចម្រើនរបស់ប្រទេសចិន។

កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០បានគូសបញ្ជាក់ថា ការពង្រឹងវិន័យ និងការគ្រប់គ្រងផ្ទៃក្នុងរបស់បក្ស ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ និងការប្រឆាំងអំពើពុករលួយ គឺជាកត្តាដែលអាចជួយពង្រឹងភាពស្អាតស្អំ និងទំនុកចិត្តរបស់ ប្រជាជនចំពោះស្ថាប័នដឹកនាំ។

លោកបណ្ដិតបញ្ជាក់ថា៖ « ខ្ញុំយល់ថាការកសាងបក្សមិនមែនជាគោលដៅដាច់ដោយឡែកពីការអភិវឌ្ឍជាតិនោះទេ។ គោលដៅសំខាន់ គឺធ្វើឱ្យស្ថាប័នដឹកនាំមានសមត្ថភាពកាន់តែខ្ពស់ក្នុងការដោះស្រាយបញ្ហា និងឆ្លើយតប និងតម្រូវការរបស់ប្រជាជន។ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពត្រូវធានាថា គោលនយោបាយដែលបានដាក់ចេញអាចអនុវត្តបានជាក់ស្តែង និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងជីវភាពប្រចាំថ្ងៃ។ បទពិសោធន៍របស់ប្រទេសចិនផ្តល់ឱកាសឱ្យយើងសិក្សាពី ការពង្រឹងស្ថាប័នដឹកនាំការកែលម្អការអនុវត្តគោលនយោបាយ និងការធ្វើឱ្យការអភិវឌ្ឍផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន។»

លោកបណ្ឌិត សាស្ត្រាចារ្យរង នាក់ ចន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានមានប្រសាសន៍ថា ឆ្លងកាត់កិច្ចប្រជុំពេញអង្គលើកទី៥ អាណត្តិទី២០ ភាគីចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើស្វ័យកំណែទម្រង់ និងការដាក់វិន័យយ៉ាងតឹងរ៉ឹង ដើម្បីជៀសវាង «វដ្តប្រវត្តិសាស្ត្រ» ព្រមទាំងធានាការអនុវត្តផែនការ ៥ឆ្នាំទី១៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ កម្ពុជាបានសិក្សាបទពិសោធន៍របស់ប្រទេសចិន មិនមែនដើម្បីក្លាយខ្លួនជាចិននោះឡើយ ប៉ុន្តែគឺដើម្បីកសាង អភិបាលកិច្ចជាតិឱ្យកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ពង្រឹង ជាជាងពង្រីក» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។ ឆ្លងកាត់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន កម្ពុជាបានអនុវត្តយ៉ាងសកម្មនូវការកែទម្រង់រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ការប្រើប្រាស់ទិន្នន័យឌីជីថលសម្រាប់សេវាសាធារណៈ និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែនប្រកបដោយផ្លែផ្កា។

លោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជាចិនបានមានប្រសាសន៍ថាបទពិសោធន៍នេះ ឆ្លុះបញ្ចាំងថា ភាពជោគជ័យនៃអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន ដែលជាបក្សកាន់អំណាចដឹកនាំប្រទេសចិន មិនស្ថិតត្រឹមតែការបង្កើត គោលនយោបាយនិងគោលការណ៍ល្អនោះទេ វាថែមទាំងស្ថិតនៅលើការអនុវត្តឱ្យមានប្រសិទ្ធភាព ការប្រើប្រាស់ធនធានដោយតម្លាភាព និងការធានាឱ្យ សមិទ្ធផលនៃការអភិវឌ្ឍឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនចិន ព្រមទាំងបង្កើនកាលានុវត្តភាពនៃការអភិវឌ្ឍសកលថែមទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន