FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋនៅស្រុកឈូក បង្ហាញក្តីសប្បាយរីករាយ និងអបអរសាទរ ខណៈទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ពីរាជរដ្ឋាភិបាល សំដៅធានាសុវត្ថិភាពកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់

05-11-2026 16:14

(កំពត)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឈូក ខេត្តកំពត ប្រមាណ១,៦១៣គ្រួសារ បានបង្ហាញនូវក្តីសប្បាយរីករាយ និងសាទរជាខ្លាំង ខណៈទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបជាង ៣ពាន់បណ្ណ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់។

ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិកោះឬស្សី ឃុំត្រពាំងបី និងភូមិពោធិដុះ ឃុំបឹងនិមល នៃស្រុកឈូក ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តពោធិព្រឹក្ស ហៅវត្តត្រើង ស្ថិតនៅស្រុកឈូក ខេត្តកំពត។ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

ថ្លែងនៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ ពីការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលកន្លងមកបានដាក់ចេញនូវគោលនយោបាយជាច្រើន លើវិស័យដីធ្លី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ទទួលបានការប្រើប្រាស់ និងទាញប្រយោជន៍ពីវិស័យដីធ្លី ពិសេសគឺាបានកាន់កាប់ដីធ្លីដោយស្របច្បាប់។

ការឈានចូលមកដល់នីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអនុវត្តយ៉ាងសកម្ម និងជំរុញឱ្យមានការពន្លឿនការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សបំផុត សំដៅបង្កលក្ខណៈងាយស្រួលដល់បងប្អូន ក្នុងការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យដីធ្លី ព្រមទាំងឈានទៅដល់ការបញ្ចប់ទំនាស់ ឬវិវាទដីធ្លីនៅទូទាំងប្រទេស។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ ត្រូវចេះថែរក្សាឱ្យបានល្អ និងទាញយកអត្ថប្រយោជន៍ពីដីធ្លី ឱ្យអស់លទ្ធភាព ព្រមទាំងប្រើប្រាស់ឱ្យចំគោលដៅ ក្នុងការបង្កបង្កើនផល និងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារ។

លោកបន្តថា បណ្ណកម្មសិទ្ធិទាំងនេះ គឺជាអំណោយដ៏មានតម្លៃបំផុត និងជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕