FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បើក «សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម»

05-11-2026 15:40

(ភ្នំពេញ)៖ លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម» ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សរុបប្រមាណ ៩០ រូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូលលើ «សេចក្តីព្រាងច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម» ដើម្បីធានាឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមនាពេលបច្ចុប្បន្ន។

ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺធ្វើឡើងអនុលោមតាមកាតព្វកិច្ចរបស់កម្ពុជា ក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីឆ្នាំ២០០៤។ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តរៀបចំសេចក្តីព្រាងច្បាប់នេះ ក្នុងគោលបំណងកែលម្អ អភិវឌ្ឍ និងសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្ម សំដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕