FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងចម្រុះខេត្តស្វាយរៀង បន្ដបង្ក្រាបទីតាំងឆបោកតាមអនឡាញ ៣កន្លែង នៅក្រុងបាវិត រកឃើញជនបរទេស១៩នាក់

05-11-2026 15:41

(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងភូមិតាបិប ភូមិបាវិតកណ្តាល និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានរកឃើញជនបរទេសសរុបចំនួន១៩នាក់ (ស្រី៥នាក់) និងដកហូតសម្ភារបច្ចេកវិទ្យា រួមទាំងរថយន្តមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល និងតាមបទបញ្ជារបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ក្នុងនោះ លោក ម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង។

តាមរយៈការត្រួតពិនិត្យបឋមលើប្រព័ន្ធតេឡេក្រាមក្នុងទូរសព្ទដៃរបស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញតម្រុយជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក្រុមទាំង៣ទីតាំងនេះ មានទំនាក់ទំនងជាបក្ខពួកតែមួយ។

បច្ចុប្បន្ន ទីតាំងទាំង៣ខាងលើត្រូវបានសមត្ថកិច្ចបិទសៀលជាបណ្តោះអាសន្ន ចំណែកជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរខេត្តស្វាយរៀង ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមអនឡាញ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕