FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបាន​អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

05-11-2026 15:37

(ភ្នំពេញ)៖ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋសរុបជាង ៥៦ម៉ឺននាក់ ក្នុងនោះមានស្ត្រីជិត ៣០ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការឱ្យដឹងពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «ការកើនឡើងនៃការចុះបញ្ជីសមាជិក ប.ស.ស. គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើន ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល»។

អ្នកនាំពាក្យដដែលបានបន្តថាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តពង្រឹងគុណភាពសេវា និងពង្រីកភាពងាយស្រួលក្នុងការប្រើប្រាស់សេវាជូនដល់សមាជិក តាមរយៈការធ្វើទំនើបកម្មក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឱ្យសមាជិកអាចទទួលបានព័ត៌មាន និងប្រើប្រាស់អត្ថប្រយោជន៍សន្តិសុខសង្គមកាន់តែងាយស្រួលតាមប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ផងដែរថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងជាស្ថាប័នសាធារណៈឈានមុខមួយ ដែលបានធ្វើទំនើបកម្មស្ថាប័ន និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃ ប.ស.ស., គេហទំព័រ ប.ស.ស., ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនដល់សមាជិក ប.ស.ស. និងសាធារណជន៕