រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ (Video inside)
05-11-2026 15:26
(ភ្នំពេញ)៖ នៅឆ្នាំ២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោងចំណាយ ៣៩ ៧០០ប៊ីលានរៀល (ស្មើនឹងប្រមាណជិត ១០ពាន់លានដុល្លារ) និងបានដាក់គោលដៅប្រមូលចំណូល ឱ្យបានប្រមាណ ៣២ ៣២៧ប៊ីលានរៀល ឬប្រមាណ ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧។ នេះបើយោងតាមឯកសារសេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ (ច្បាប់ថវិកាជាតិ)។
សម្រាប់ឆ្នាំ២០២៧ ចំណូលថវិកាថ្នាក់ជាតិត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល (ប្រមាណជិត៨ពាន់លានដុល្លារ) ត្រូវជា ១៣,៤៩% នៃផ.ស.ស. ឬកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ចំណូលថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ២ ៨១៩ប៊ីលានរៀល មានសមាមាត្រស្មើនឹង ៨% នៃចំណូលសរុបរបស់ថវិការដ្ឋត្រូវជា ១,១៨% នៃផ.ស.ស.។
ដើម្បីសម្រេចតាមគោលដៅនេះ សម្រាប់ចំណូលចរន្តថវិកាថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានចំនួន ៣១ ២០២ប៊ីលានរៀល ត្រូវជា ១៣,០២% នៃផ.ស.ស. ឬកើនចំនួន៦,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ដែលក្នុងនោះចំណូលសារពើពន្ធ (គយ និងពន្ធដារ) ត្រូវសម្រេចឱ្យបានចំនួន ២៧ ០២៧ប៊ីលានរៀល (ប្រមាណ ៦.៦ពាន់លានដុល្លារ) ត្រូវជា ១១,២៨% នៃផ.ស.ស. ឬកើនចំនួន៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ក្នុងនោះ ចំណូលពន្ធ និងអាករគយ ត្រូវបានគ្រោងចំនួន ១៣ ២៥៤ប៊ីលានរៀល (ប្រមាណជាង៣.២ប៊ីលានដុល្លារ) ត្រូវជា៥,៥៣% នៃផ.ស.ស ឬកើនចំនួន១០% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។
ចំណែកចំណូលពន្ធដារវិញ ត្រូវបានគ្រោងប្រមូលឱ្យបានចំនួន ១៣ ៧៧៣ប៊ីលានរៀល (ប្រមាណជាង ៣.៣ប៊ីលានដុល្លារ) ត្រូវជា៥,៧៥% នៃផ.ស.ស. ឬកើនចំនួន៣,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ តែយ៉ាងណា ឆ្នាំ២០២៧ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនបានដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រាពន្ធ នោះទេ។
ច្បាប់ថវិកាជាតិឆ្នាំ២០២៧ បានឱ្យដឹងផងដែរថា សម្រាប់ ចំណូលមិនមែនសារពើពន្ធវិញ ត្រូវបានគ្រោងប្រមូលឱ្យ ចំនួន៤ ១៧៦ប៊ីលានរៀល (ប្រមាណជាង១ប៊ីលានដុល្លារ) ត្រូវជា១,៧៤% ន ផ.ស.ស. ឬកើនចំនួន៨,១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ក្នុងនោះ ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត ថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន៣ ៦២៤ប៊ីលានរៀល កើនចំនួន១,៨% ធៀបនឹងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២៦ ខណៈចំណូលពាក់ព័ន្ធនឹងកាតព្វកិច្ចពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណ ត្រូវបានគ្រោងចំនួន៥៥២ប៊ីលានរៀល(ប្រមាណជាង១០០លានដុល្លារ) កើនចំនួន៨១,៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៦។
ដោយឡែក ចំណូលផ្សេងៗ ត្រូវបានគ្រោងប្រមូលឱ្យបាន ចំនួន១ ១២៥ប៊ីលានរៀល (ប្រមាណជាង២៧០លានដុល្លារ) ត្រូវជា០,៤៧% នៃផ.ស.ស. ឬកើនចំនួន៤,១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ក្នុងនោះចំណូលផ្សេងៗក្នុងប្រទេស ត្រូវបានកំណត់សម្រេចឱ្យបានចំនួន៦៦៧ប៊ីលានរៀល ត្រូវជា ០,២៨% នៃផ.ស.ស. ឬកើនចំនួន១៨,១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ និងចំណូលផ្សេងៗដោយហិរញ្ញប្បទានផ្ទាល់ពីក្រៅប្រទេស (ចំណូលមិនឆ្លងកាត់រតនាគារជាតិ )ចំណូលដែលមានប្រភពពីហិរញ្ញប្បទានឥតសំណង ត្រូវបានគ្រោងចំនួន៤៥៨ប៊ីលានរៀល ត្រូវជា០,១៩% នៃផ.ស.ស. ឬថយចំនួន១០% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦៕
