អភិបាលស្រុកឆែប ឧបត្ថម្ភកង់ ១០គ្រឿង ដល់សិស្សានុសិស្សមានជីវភាពខ្វះខាត ដើម្បីសម្រួលការធ្វើដំណើរទៅសាលារៀន
05-11-2026 15:09
(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឧបត្ថម្ភកង់ចំនួន ១០គ្រឿង ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន ១០នាក់ ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅសាលារៀន និងកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ពិធីប្រគល់កង់នេះបានធ្វើឡើងនៅសាលាស្រុកឆែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្សដែលទទួលបានកង់ទាំង ១០នាក់ មកពីភូមិចំនួន៤ ក្នុងឃុំឆែបមួយ និងឃុំសង្កែមួយ ក្នុងនោះមានសិស្សមកពីភូមិឆែបលិច ភូមិឆែបកើត ភូមិក្រសាំង ភូមិសង្កែ និងភូមិសាអែម។
សកម្មភាពចែករំលែកក្តីស្រឡាញ់ និងការជួយឧបត្ថម្ភនេះ គឺជាការបង្ហាញពីស្មារតីយកចិត្តទុកដាក់ចំពោះកុមារដែលមានជីវភាពខ្វះខាត ជាពិសេសការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលពួកគេជួបប្រទះ ក្នុងការធ្វើដំណើរទៅសាលារៀន។ ការផ្តល់កង់មួយគ្រឿងដល់សិស្សម្នាក់ៗ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីកសាងអនាគតដ៏ល្អប្រសើរ។
ជាមួយគ្នានេះ ការយកចិត្តទុកដាក់ និងការចែករំលែកធនធានជួយដល់កុមារដែលខ្វះខាត គឺជាសកម្មភាពដ៏មានអត្ថន័យក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំ កាត់បន្ថយការលំបាករបស់គ្រួសារក្រីក្រ និងជួយបណ្តុះធនធានមនុស្សសម្រាប់សហគមន៍ និងសង្គមជាតិនាពេលអនាគត៕
















