អភិបាលរងខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានដោយផ្ដើមចេញពីយើងទាំងអស់គ្នា
05-11-2026 15:04
(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានដោយផ្ដើមចេញពីយើងទាំងអស់គ្នា។
លោក ជា វ៉ាន់ចាន់ បានថ្លែងក្នុងពិធីសម្អាតបរិស្ថាន ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត នៅលើសួនច្បារដងស្ទឹងសែន ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅថ្ងៃទី ៧-៨ ខាងមុខនេះ។
លោកបន្តថា ពិធីនេះត្រូវបានប្រារព្ធធ្វើក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង និងការស្រឡាញ់បរិស្ថាន ជាពិសេសជំរុញចលនាប្រជាពលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលបានដាក់ចេញជាបន្តបន្ទាប់ ដោយផ្ដោតសំខាន់ទៅលើមុំយុទ្ធសាស្ត្រចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ជាពិសេស ការងារនេះបានបំផុសមហាជននៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តផ្លាស់ប្ដូរទស្សនៈពីការគិតអវិជ្ជមាន ទៅវិជ្ជមាន ពីទ្រឹស្ដី ទៅការអនុវត្តជាក់ស្ដែង ចូលរួមសម្អាតថែរក្សាអនាម័យ បរិស្ថាន និងជាសារអប់រំមួយសម្រាប់សាធារណជនគ្រប់ទិសទីឱ្យបានយល់ដឹងផងដែរ។
លោកជំរុញប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់វត្ថុប្រើប្រាស់ដែលផលិតដោយប្លាស្ទិក ដូចជា៖ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ជាដើម និងការទុកដាក់សំណល់ទាំងនោះឱ្យបានត្រឹមត្រូវ ក្រោយពីបានប្រើប្រាស់រួច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានបញ្ជាក់ថា ការសម្រេចបានបរិស្ថានស្អាត អនាម័យស្អាត និងភាពបៃតង បានរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ពិសេសគឺពួកគាត់ទទួលបាននូវផាសុកភាពល្អ។
លោកបញ្ជាក់ថា គោលបំណង និងសារសំខាន់ៗនៃការអំពាវនាវ៖
១. ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
២. ការរក្សាអនាម័យនៅតាមស្តង់ និងអាជីវកម្ម
៣. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើកទឹកចិត្តឱ្យប្រើប្រាស់សម្ភារដែលងាយបំបែកធាតុ ឬសម្ភារធម្មជាតិ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។
៤. ការពារសោភ័ណភាព និងបរិស្ថានស្ទឹងសែន៕




























