FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តសៀមរាប បិទបញ្ជីឈ្មោះបេក្ខជនជាប់ជាស្ថាពរ ១៤៩នាក់ និងបម្រុង ១៥នាក់ ក្នុងការជ្រើសរើសយោធិនថ្មី

05-11-2026 14:58

(សៀមរាប)៖ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបិទបញ្ជីឈ្មោះបេក្ខជនដែលមានគ្រប់លក្ខណៈសម្បត្តិជាប់ជាស្ថាពរចំនួន ១៤៩នាក់ និងបេក្ខជនជាប់ត្រៀមបម្រុងចំនួន ១៥នាក់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកឡើងថា ការប្រឡង និងតេស្តសមត្ថភាពជ្រើសរើសកម្លាំងថ្មីនេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ ក្នុងចំណោមបេក្ខជនសរុបចំនួន ៥០៩នាក់ ដែលបានមកពិនិត្យលទ្ធផលដោយផ្ទាល់ ដោយក្នុងនោះមានបេក្ខជនខ្លះសម្ដែងក្ដីរីករាយចំពោះលទ្ធផល និងខ្លះទៀតសម្ដែងការសោកស្ដាយដោយសារមិនទាន់បំពេញគ្រប់លក្ខខណ្ឌតម្រូវ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ការជ្រើសរើសយោធិនថ្មីនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងសមត្ថភាពកងរាជអាវុធហត្ថខេត្តសៀមរាប ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បម្រើប្រជាពលរដ្ឋ ព្រមទាំងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងភ្ញៀវទេសចរ។ លទ្ធផលនេះ ក៏ជាការរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ស្ថាប័នផងដែរ។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានបញ្ជាក់ថា បេក្ខជនដែលជាប់ជាស្ថាពរ គឺផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យយ៉ាងម៉ត់ចត់ ដោយមានសញ្ជាតិខ្មែរ កេរ្តិ៍ឈ្មោះល្អ និងនៅលីវ អាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃចុះហត្ថលេខា, មានកាយសម្បទា និងសុខភាពល្អ ព្រមទាំងមានកម្ពស់ចាប់ពី ១,៧០ម៉ែត្រឡើងទៅ, មានកម្រិតបញ្ញាមធ្យមទៅខ្ពស់ អាចសម្របខ្លួន និងបំពេញភារកិច្ចបានល្អ និងប្រកាន់ខ្ជាប់នូវវិន័យ សុជីវធម៌ ស្មារតីសាមគ្គីភាព កិត្តិយស និងកាតព្វកិច្ចលះបង់ដើម្បីការងារ និងសង្គមជាតិ។ សម្រាប់ការប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាបនាពេលនេះ គឺមានផែនការជ្រើសរើសចំនួន ១០០នាក់៕