FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូន១៧នាក់ប្តីចុះចោល, លោក សេង ទៀង ចូលខ្លួនជួយជីវភាព ផ្តល់អង្ករមួយខែ១០០គីឡូ និងសាច់ជ្រូកមួយថ្ងៃ២គីឡូ (Video inside)

05-11-2026 14:12

(ពោធិ៍សាត់)៖ គ្រួសារមួយរស់នៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចាប់ដៃគ្នា​កសាង​ជីវិតតាំងពីវ័យជាង១០ឆ្នាំ មានកូនរហូតដល់ទៅ១៧នាក់ ស្រាប់តែបែកបាក់គ្នាដោយ​បុរសជាប្តីទៅមានប្រពន្ធថ្មី។

គ្រួសារនេះ បុរសជាប្តីមានឈ្មោះ គា ចន្ធី អាយុ ៤៧ឆ្នាំ រីឯស្ត្រីជាភរិយាឈ្មោះ សែម សុខ​ឃឿន អាយុ ៤៥ឆ្នាំ។ ពួកគាត់ទាំងពីរនាក់ បានរៀបការនឹងគ្នាកាលពីឆ្នាំ១៩៩៥ មានកូន​ជា​ចំណងដៃចំនួន១៧នាក់ ប៉ុន្តែកូន៥នាក់ បានស្លាប់ដោយសារជំងឺយូរឆ្នាំមកហើយ។ បច្ចុ​ប្បន្ន​កូននៅរស់ ១២នាក់ ប្រុស ៨នាក់ ស្រី ៤នាក់។ កូនបងគេអាយុ ២៤ឆ្នាំ ហើយកូនចុងក្រោយ​មាន​​អាយុ​ទើប ១១ខែ​ប៉ុណ្ណោះ។

គ្រួសារនេះ បានចែកផ្លូវគ្នាជាងមួយឆ្នាំមកហើយ ដោយបុរសជាប្តីទៅមានប្រពន្ធថ្មី បន្សល់​ទុកកូនតូចៗឱ្យប្រពន្ធចិញ្ចឹមបីបាច់តែឯងជាមួយជីវភាពក្រីក្រ។ ដោយមើលឃើញពីការ​លំបាករបស់ស្ត្រីជាម្តាយ និងកូនៗ ព្រមទាំងខឹងសម្បាចំពោះបុរសជាប្តីឥតមានធម៌មេត្តា​ចំពោះកូនៗ និងប្រពន្ធផងនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងភរិយា បានចុះទៅដល់គេហដ្ឋានរបស់គ្រួសារខាងលើ បន្ទាប់ពីបញ្ចប់ការងារអម​សម្តេចនាយករដ្ឋមន្ត្រីចែកពូជស្រូវ និងស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹក​ភ្លៀង​​នៅខេត្តពោធិ៍សាត់។

ដំណើរអញ្ជើញទៅនេះ លោក សេង ទៀង បានហៅបុរសជាប្តីមកជួបដោយផ្ទាល់ ដើម្បីសួរ​នាំ​ពីបញ្ហា ផ្តល់ការអប់រំ និងទាមទារឱ្យចេញថ្លៃអាហារកិច្ចដល់កូនៗ។

លោក សេង ទៀង បានទូន្មានទៅបុរសជាប្តីនោះថា ទង្វើចុះចោលផ្ទះមានប្រពន្ធមិនជួយ​ចិញ្ចឹមកូនតូចៗ ជាទង្វើខ្វះទំនួលខុសត្រូវ ខ្វះធម៌មេត្តា ការអាណិតអាសូរចំពោះកូនៗ។ បន្ថែមពីលើនោះ ទង្វើបែបនេះ ជាការខុសទៅនឹងច្បាប់ឯកពន្ធភាព ដែលកំណត់​ឱ្យប្រពន្ធ​តែ​មួយ។

ក្នុងឱកាសនោះ លោក សេង ទៀង មិនទាមទារឱ្យបុរសនេះ ត្រឡប់មករកប្រពន្ធ និងកូនវិញ​នោះទេ តែលោកទាមទារឱ្យបុរសជាប្តីត្រូវជួយថ្លៃអាហារកិច្ចចិញ្ចឹមកូនៗ។

នៅចំពោះលោក សេង ទៀង និងមានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្ត ព្រមទាំង​អាជ្ញា​ធរស្រុក ឃុំ និងកម្លាំងនគរបាលផងនោះ បុរសជាប្តីបានសន្យាជួយ​ថ្លៃអាហារកិច្ចមួ​យ​ខែ៥០ម៉ឺនរៀល។

ក្នុងគ្រួសារនេះ ក្នុងមួយថ្ងៃហូបបាយ២០កំប៉ុង ស្មើនឹងប្រមាណ៤គីឡូក្រាម ហើយមួយ​ខែ​អស់១២០គីឡូក្រាម។ ដោយក្តីអាណិតក្មេងៗ និងឃើញពីការលំបាកក្នុងជីវភាពរបស់​ម្តាយ​នោះ លោក សេង ទៀង បានសម្រេចជួយឧបត្ថម្ភជាអង្ករមួយខែ ១០០គីឡូក្រាម និង​ជួយ​ជាសាច់ជ្រូកមួយថ្ងៃ២គីឡូក្រាម។

ការជួយប្រកបដោយទឹកចិត្តសប្បុរសរបស់លោក សេង ទៀង ជាការជួយរំលែក​ការ​លំ​បាក​ក្នុងជីវភាពប្រចាំថ្ងៃ ហើយក៏ជួយឱ្យក្មេងៗទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។

លោក សេង ទៀង ក៏បានផ្តាំផ្ញើទៅស្ត្រីជាម្តាយ ព្រមទាំងអាជ្ញាធរនៅមូលដ្ឋាននោះ ជួយឱ្យកូនតូចៗបានរៀនគ្រប់គ្នា ដើម្បីមានតម្រិះសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃមុខ។

ដំណើរចុះទៅកាន់ផ្ទះគ្រួសារខាងលើ លោក សេង ទៀង មិនត្រឹមចាត់ចែងការឧបត្ថម្ភ​សម្រាប់​គ្រួសារនេះប៉ុណ្ណោះទេ តែក៏បានអំណោយជាអង្ករ មី ទឹកបរិសុទ្ធ ព្រមទាំងនាំបាយ និងម្ហូបជូនដល់គ្រួសារនេះថែមទៀត។

ស្ត្រីជាម្តាយ បានបង្ហាញក្តីត្រេកអរចំពោះទឹកចិត្តរបស់លោក សេង ទៀង ជាមនុស្សមិន​ជាប់​សាច់ឈាមគ្នា តែមានទឹកចិត្តសប្បុរសសណ្តោប្រណីជួយដល់គ្រួសាររបស់អ្នកស្រី។ អ្នក​ស្រី សែម សុខ​ឃឿន មិនមានអ្វីមកពិពណ៌នាររៀបរាប់អស់ចំពោះទឹកចិត្តនេះឡើយ​។ អ្នកស្រី សុខឃឿន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សេង ទៀង និងគោរពជូន​ពរលោក សេង ទៀង និងភរិយា ព្រមទាំង៤ៗ ឱ្យបានជួបតែសេចក្តី សេចក្តីចម្រើន៕