១០ខែ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន ទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់បាន ២២លានម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈ
05-11-2026 13:16
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសម្រេចជោគជ័យក្នុងការទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ចំនួន ២១ ៩៨៧ ៧០៣ ម៉ែត្រគូប ចូលក្នុងប្រភពទឹកសាធារណៈ ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៦នេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងសុខភាពសាធារណៈនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយុទ្ធនាការ «ដើម្បីផ្ទៃទឹកស្អាត» គិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៦ (រយៈពេល ២១ខែ) ទិន្នន័យតាមរយៈឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពសំណល់រាវ បានបង្ហាញថា ក្រសួងបានគ្រប់គ្រងបរិមាណការបញ្ចេញសំណល់រាវដែលបានសម្អាតរួច និងធានាមិនឱ្យមានការបំពុលបរិស្ថានបានរហូតដល់ ៤២ ០៦១ ៩៧៦ម៉ែត្រគូប (ជាង ៤២លានម៉ែត្រគូប)។
ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ក្រសួងបរិស្ថានបានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យរោងចក្រ និងសហគ្រាសនានាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ (Online ប្រព័ន្ធបញ្ជូនទិន្នន័យ) ដើម្បីផ្តល់ព័ត៌មានផ្ទាល់ភ្លាមៗ (Real-time) មកកាន់ទីស្តីការក្រសួងបរិស្ថាន។
គិតរហូតមកដល់ខែតុលា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុន និងសហគ្រាសចំនួន ៧៥ហើយ ដែលបានស្ម័គ្រចិត្ត និងចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវនេះ។
ក្រសួងបរិស្ថានបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់រោងចក្រ និងសហគ្រាសទាំងអស់ ដែលបានចូលរួមសហការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសការអនុត្តសសរស្តម្ភ «ភាពស្អាត»។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាលើកកម្ពស់គុណភាពបរិស្ថាន សុខភាពសាធារណៈ និងជំរុញការអភិវឌ្ឍដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា៕










