FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្ដមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ពីការចងចាំជានិច្ចនូវគំរូវីរភាពរបស់កងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា ដែលបានតស៊ូ ការពារ និងបម្រើប្រទេសជាតិ

05-11-2026 13:15

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងគូសបញ្ជាក់ពីការចងចាំជានិច្ចនូវគំរូវីរភាពរបស់យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា ដែលបានឆ្លងកាត់ដំណាក់កាលតស៊ូ អត់ធ្មត់ លះបង់សាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មគ្រប់បែបយ៉ាង រហូតហ៊ានបូជាអាយុជីវិតលើសមរភូមិដើម្បីបម្រើប្រទេសជាតិ ចាប់តាំងពីការតស៊ូដណ្តើមឯករាជ្យពីអាណានិគមនិយម ចក្រពត្តិនិយម ដល់ការតស៊ូពុះពារឆ្លងកាត់សង្គ្រាមជាច្រើនផ្សេងទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ពីការចងចាំដូចនេះនាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជេីញជាអធិបតីបេីក អង្គមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៣ ទិវាកំណេីតកងយុទ្ធពលខេមរភូមិន្ទ ( ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦ ) ដែលអង្គមីទ្ទិញនេះបានធ្វេីឡេីងនៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្ដមសេនីយ៍ ទៀ សីហា បានថ្លែងដូចនេះថា «យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាពរបស់យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធជាតិកម្ពុជាដែលបានឆ្លងកាត់ដំណាក់កាលតស៊ូ ការពារ និងបម្រើប្រទេសជាតិ ចាប់តាំងពីការតស៊ូដណ្តើមឯករាជ្យពីអាណានិគមនិយម ចក្រពត្តិនិយម ដល់ការតស៊ូពុះពារឆ្លងកាត់សង្គ្រាមជាច្រើនផ្សេងទៀត, ជាពិសេសគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកងទ័ពនៅសមរភូមិជួរមុខ ដែលបានតស៊ូ អត់ធ្មត់ លះបង់សាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មគ្រប់បែបយ៉ាង រហូតហ៊ានបូជាអាយុជីវិតលើសមរភូមិ ដើម្បីការពារបូរណភាពទឹកដី ដែនអធិបតេយ្យ ភាពជាតិ សន្តិភាព និងភាពសុខសាន្តរុងរឿងរបស់ប្រទេសជាតិ និងប្រជាជន»។

បន្ថែមពីនេះក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានកោតសរសើរប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ គ្រប់រូប ដែលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្នបាននិងកំពុងបំពេញបេសកកម្មប្រកបដោយវីរភាព និងពលិកម្មដ៏ឧត្ដុង្គឧត្តមដើម្បីបុព្វហេតុជាតិ និងប្រជាជន។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានបង្ហាញពីការដឹងគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលះបង់កូនចៅ ប្ដី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឱ្យចូលបម្រើក្នុងជួរកងទ័ព ចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីការពារជាតិ មាតុភូមិ។

ស្របជាមួយគ្នានោះចំពោះកងយោធពលខេមរភូមិន្ទនៅក្នុងបរិបទថ្មីនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានណែនាំឱ្យបន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និង អន្តរជាតិ, ការពាររឹងមាំដាច់ខាតនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, គោរពនិងអនុវត្តតាមគោលនយោបាយវិស័យការពារជាតិ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

កងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់យកនូវតួនាទីដ៏សំខាន់ក្នុងការការពារ បូរណភាពទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម រួមចំណែកក្នុងការអភិវឌ្ឍជាតិ និងលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូតយោធា។ ទន្ទឹមនេះត្រូវបន្តយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ និងការធ្វើទំនើបកម្មវិស័យការពារជាតិ ជាពិសេសការធ្វើទំនើបកម្មរចនាសម្ព័ន្ធទំនើបកម្មធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ ព្រមទាំងការធ្វើ កំណែទម្រង់ការហ្វឹកហ្វឺន, ដូចនេះគ្រប់ស្ថាប័ន កងឯកភាព គ្រឹះស្ថានយោធា និងបណ្តាសាលាហ្វឹកហ្វឺនកង យោធពលខេមរភូមិន្ទទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពនិងធ្វើទំនើបកម្មកម្មវិធីហ្វឹកហ្វឺន និងខ្លឹមសារ រៀនសូត, ច្បាប់, បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងពង្រឹងគុណភាពយោធាចារ្យឱ្យបាន សមស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យយោធាផងដែរ៕