អាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់ រួមនិងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណីគ្រឿងញៀន
05-11-2026 12:55
(កំពង់ស្ពឺ)៖ ដោយទទួលបានបទបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ , កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងជំនាញក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការ បើក ប្រតិបត្តិ ការ ស្រាវជាវ កំណត់មុខសញ្ញា បង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៧នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួន។
អង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន០៦នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ តែម បញ្ញា ភេទប្រុស អាយ២៤ឆ្នាំ មុខរបរជាងកញ្ចក់, ទី០២ឈ្មោះ លីម អេងគ័ង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកដឹកអីវ៉ាន់, ទី០៣ឈ្មោះ កើត សុខម៉េង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកលក់សម្លៀកបំពាក់, ទី០៤ឈ្មោះ ចន្ទរិទ្ធ សម្មា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកង់បី, ទី០៥ ឈ្មោះ កែវ ស៊ីនួន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋាន, ទី០៦ឈ្មោះ ជា ស្រីឡែន ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាងសាឡន ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីវេលាម៉ោង ០៤៖៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចរមណីដ្ឋានធម្មជាតិគីរីរម្យ ស្ថិតនៅភូមិដំរីផុត ឃុំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយពីបានទទួលចម្លើយសារភាពរបស់ឈ្មោះ លីម អេងគ័ង កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ សំណាង រាជ្យសីហ៍ ភេទប្រុស អាយ២៣ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនម្ហូបអាហារ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោង ១៤៖២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់យករួមមានគ្រឿងញៀន (ប្រភេទ K និងទឹក) ចំនួន០៤កញ្ចប់ ទម្ងន់ ក្រាម (កញ្ចប់ម្សៅទម្ងន់ ១.៩៨ក្រាម និងកញ្ចប់ទឹកទម្ងន់ ១១.៧៦ក្រាម សរុបទម្ងន់ ១៣.៧៤ក្រាម)។ កញ្ចប់គ្រឿងញៀន (ប្រភេទ K) ចំនួន០៤កញ្ចប់ ។ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ 1IN-6535)។ ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាក Iphone) ។បាស់ ចំនួន០១គ្រឿង។ អំពូលភ្លើងពណ៌ ចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំកសាងសំណុំរឿងបញ្ជូនទៅសលាដំបូងដើម្បីបន្តនីតិវិធី៕



