FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ (Video inside)

05-11-2026 10:39

(ពោធិ៍សាត់)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយភាគីកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយប្រកបដោយសន្ដិវិធី ប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិ ការទូត បើទោះបីការដោះស្រាយបែបនេះត្រូវប្រើប្រាស់ពេលយូរបន្ដិចក៏ដោយ។

ឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេ ពោលសង្គ្រាមមានតែបង្កើនបន្ទុកបន្ថែមដល់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលត្រូវបង្កើនការថវិកាជាតិសម្រាប់ការដោះស្រាយលើបញ្ហាសង្គ្រាម ផ្ទុយទៅវិញ បើមិនមានសង្គ្រាមទេរដ្ឋាភិបាលអាចយកថវិកាទាំងអស់នោះទៅអភិវឌ្ឍន៍ប្រទេស និងដោះស្រាយបញ្ហាជូនពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទឹកដីរបស់យើង យើងមិនភ្លេចនោះទេ ប៉ុន្ដែត្រូវប្រើប្រាស់វិធីសាស្ដ្រតាមច្បាប់ការទូត ដើម្បីបញ្ចប់តែម្ដង។ ការខិតខំដោះស្រាយដោយសន្ដិវិធី គឺជាគោលការណ៍ដែលកម្ពុជាប្រកាន់យក ដោះស្រាយតាមផ្លូវច្បាប់ យូរបន្ដិចប៉ុន្ដែយើងនៅបន្ដដោះស្រាយមិនអាចស្អែកចប់នោះទេ តែយើងនៅបន្ដធ្វើ [...] រាជរដ្ឋាភិបាលមានការគិតគូរ នឹងដើរពេលណា ដើរកន្លែងណា គោលដៅធំ គឺចង់បានដោះស្រាយបញ្ហាឲ្យឆាប់កុំនៅរ៉ាំរ៉ៃរាប់ឆ្នាំ បើដោះជម្រើសនេះបានចប់ល្អ បើលឿនហើយមិនចប់យូរណាស់ ជម្រើសវាយគ្នាវាយទៅមកមិនចប់នោះទេ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ពាក្យច្បាប់ និងការទូត មិនមែនទាល់តែប្ដឹងទៅតុលាការនោះទេ តួអង្គច្រើនណាស់នៅក្នុងអន្ដរជាតិ ពោលមានទាំងរដ្ឋាភិបាលអន្ដរជាតិ យន្ដការអាស៊ាន អង្គការសហប្រជាជាតិ និងតុលាការ ដូច្នេះត្រូវទុកពេលឲ្យរាជរដ្ឋាភិបាលគិតគូរ ក្នុងការដោះស្រាយ ហើយអ្វីដែលសំខាន់ គឺដោះស្រាយបញ្ហាចំពោះមុខដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងរងនូវផលប៉ះពាល់។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់អំពីគុណតម្លៃនៃ «សន្ដិភាព» គឺធ្វើឲ្យស្គាល់កាន់តែច្បាស់នៃតម្លៃពាក្យនេះនៅពេលបាត់បង់សន្ដិភាព។ សម្ដេចបានបន្ដថា ពាក្យអរគុណសន្ដិភាព នៅក្នុងដំណាក់កាលនេះកាន់តែមានតម្លៃ ជាពិសេសក្រោយពីវាយគ្នាក្នុងដំណាក់កាលមួយឆ្នាំមុននេះ។

សម្ដេចមហាបវរធិបតី ធ្លាប់បានលើកឡើងថា ការចរចាបញ្ចប់សង្គ្រាមដោយជ្រើសរើសផ្លូវច្បាប់ ប្រៀបដូចជាការបង្ការកុំឲ្យផ្ទុះសង្គ្រាមនៅថ្ងៃក្រោយ ព្រោះមិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមនោះទេ។ សម្ដេចមហាបវរធិបតី បានលើកឧទាហរណ៍ជាក់ស្ដែងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលច្បាំងគ្នាមកទល់ពេលនេះរយៈពេល៣ឆ្នាំ បណ្ដាលឲ្យពលរដ្ឋស្លាប់រាប់លាននាក់ មិនទាន់ត្រូវបានបញ្ចប់នោះទេ។ រាជរដ្ឋាភិបាលកម្ពុជា មានផ្លូវដើរក្នុងការដោះស្រាយបញ្ហាព្រំដែនទាមទារដីត្រឡប់មកវិញ ប៉ុន្ដែត្រូវការពេលវេលា ហើយត្រូវការការយោគយល់ពីប្រជាពលរដ្ឋ៕