FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»

05-11-2026 10:40

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឲ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»។ ចំណុចនេះត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីមើលឃើញ ថាប្រហែលជាមានចំណុចខ្សោយណាមួយរបស់បុគ្គលរូបនេះ នៅក្នុងដៃអ្នកកាសែតថៃ ដែលធ្វើឲ្យបុគ្គលរូបនេះ មិនហ៊ានតវារកការពិត។

នេះបើតាមប្រសាសន៍របស់សម្ដេតធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «អ្នកនយោបាយចាស់វស្សា ដែលតែងតែជេរដ្ឋាភិបាល ជេកងទ័ពខ្មែរ ថាអត់ចេះប្រយុទ្ធ បាញ់ប្រជាជនគេ ចុងក្រោយទៅសម្ភាសជាមួយកាសែតថៃមួយ ថាគាត់និយាយថា ខ្មែរបាញ់មុន ដែលអយុត្តិធម៌ចោទយើង។ ដល់ចុះឡើងគាត់ថា គាត់អត់បាននិយាយ តែសួរថាចុះហេតុអីមិនទៅប្ដឹងឲ្យកាសែតហ្នឹងកែរ? ព្រោះជាធម្មតាបើកាសែតណាចុះខុស យើងប្ដឹងឲ្យកាសែតហ្នឹងកែ មិនមែនត្រឹមមិនអត់និយាយទេ»។

ត្រង់ចំណុចនេះសម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថាការមិនប្ដឹងនេះ បានធ្វើឲ្យគេចំណេញនយបាយបាត់ទៅហើយ ដែលថាមានអ្នកនយោបាយខ្មែរ ទទួលស្គាល់ថា ខ្មែរអ្នកបាញ់លើគេមុន។ ដូច្នេះដើម្បីផលប្រយោជន៍ជាតិពិតប្រាកដ បុគ្គលនេះគួរហ៊ានប្ដឹងកាសែតបរទេសនោះ ដើម្បីបកស្រាយការពិត។ តែផ្ទុយទៅវិញ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដូច្នេះថា៖ «ហ៊ានមកចោទទាហានយើង ពិតមិនពិតគេយកទៅនិយាយហើយ តែខ្លួនឯងថាមិននិយាយមិចក៏មិន ហ៊ានការពារកិត្តិយសជាតិខ្មែរប៉ុណ្ណឹង? ចឹងស្រលាញ់ជាតិធ្វើអី? ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង មិនឲ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ឲ្យកែដែលផ្សាយសម្តីខ្លួនខុស។ មិចមិនហ៊ាន? មានអីមែន? ហ៊ានតែជាមួយរដ្ឋាភិបាល។ ហ៊ានមិនហ៊ាន? ខ្លាចគេបក គេបញ្ចេញឯកសារពិតឬយ៉ាងមិច?»។

សម្រាប់សម្ដេចបវរធិបតី ការដែលលោក សម រង្ស៊ី មិនហ៊ានស្នើឲ្យកាសែតថៃ កែពាក្យសម្ដីផ្សាយរបស់ខ្លួន ដែលខ្លួនលោកផ្ទាល់អះអាងថាផ្សាយខុសនោះ ប្រហែលជាបុគ្គលរូបនេះ ខ្លាចការបកអាក្រាតណាមួយ ដេលអ្នកការសែតថៃ មានភស្តុតាង ឬការពិតនៅក្នុងដៃ ដែលធ្វើឲ្យបុគ្គលរូបនេះខ្លាចរអា។

សូមជម្រាបថា នៅពេលថ្មីៗនេះលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងអស់ផ្លូវ បានសរសេរលិខិតមួយផ្ញើទៅកាន់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ដោយស្នើឲ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ពិចារណាកុំចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ នាពេលខាងមុខ។ ប៉ុន្តែចេតនានេះមិនអាចបានសម្រេចឡើយ។ ព្រោះនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅប្រទេសកម្ពុជា មានប្រទេសជាង៧០ហើយ បានចុះឈ្មោះចូលរួម ហើយមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេស បានចុះឈ្មោះចូលរួមរួចរាល់ផងដែរ៕