FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ (Video inside)

05-11-2026 09:51

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសរុបជាង ៦០០លានដុល្លារអាមេរិកហើយ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ កាត់បន្ថយបន្ទុកដល់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតីបានបន្ថែមថា ទោះបីជាតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលកើនឡើងក៏ដោយ ក៏រដ្ឋាភិបាលបានចេញលុយ និងកាត់បន្ថយពន្ធ ក៏ដូចជាអាករលើក្រុមហ៊ុននាំចូលប្រេង ដើម្បីទប់ស្កាត់កុំឱ្យតម្លៃលក់រាយកើនឡើងខ្ពស់ហួសហេតុ។ បើគ្មានវិធានការអន្តរាគមន៍នេះទេ តម្លៃប្រេងម៉ាស៊ូតអាចនឹងកើនឡើងលើស ៩០០រៀលក្នុងមួយលីត្រ រីឯសាំងវិញអាចនឹងឡើងលើស ៦០០រៀលក្នុងមួយលីត្រ។ ដូច្នេះ ការចំណាយនេះគឺជាការវិនិយោគដ៏សំខាន់មួយរបស់រដ្ឋាភិបាល ដើម្បីធានាបាននូវលំនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចបានថ្លែងដូច្នេះថា «យើងចំណាយមកដល់ម៉ោងនេះជាង ៦០០លានដុល្លារហើយ ក្នុងការទប់តម្លៃប្រេង។ វាហក់ឡើងមែន ប៉ុន្តែបើគ្មានយើងចេញលុយ កាត់ពន្ធ កាត់អាករលើក្រុមហ៊ុនដែលនាំប្រេងចូលទេ តម្លៃកាន់តែលើសថែមទៀត។ តាមការគិតគូរបើសិនជាអត់ជួយទេ គឺតម្លៃម៉ាស៊ូតឡើងលើស ៩០០រៀលក្នុង ១លីត្រ ឯសាំងវិញត្រូវឡើងលើស ៦០០រៀលក្នុង ១លីត្រ»។

សូមជម្រាបថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងមួយខែៗរដ្ឋខាតប្រាក់ប្រមាណ ៥០លានដុល្លារ ចំពោះការកែសម្រួលអត្រាពន្ធ និងអាករមួយចំនួន លើទំនិញអគ្គិសនី និងការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ។

បន្ថែមពីនេះ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យចំនួន ៤.៦លាននាក់ ដែលរងផលវិបាកដោយសារថ្លៃប្រេង និងឧស្ម័នឥន្ធនៈដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយចាប់ផ្តើមបើកសាច់ប្រាក់ចំនួន ៤លើក គឺ លើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា លើកទី២ នៅថ្ងៃទី១៦ ខែតុលា លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។

តាមរយៈកម្មវិធីអន្តរាគមន៍នេះ គ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដោយគ្រួសារនៅរាជធានីភ្នំពេញ ចំនួន ៦០,០០០រៀល នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ចំនួន ៤៨,០០០រៀល នៅទីជនបទចំនួន ៤០,០០០រៀល ហើយសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបាន ៥,០០០រៀលបន្ថែមទៀត៕