បណ្ឌិត កៅ ថាច ជំរុញកសិករប្រើពូជសុទ្ធ ដាក់ជី-ថ្នាំឱ្យត្រូវតាមបច្ចេកទេស ដើម្បីបានទិន្នផលខ្ពស់
05-11-2026 09:21
(កំពង់ធំ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍ជំរុញកសិករធ្វើយ៉ាងណា អនុវត្តការដាក់ជីថ្នាំឱ្យត្រឹមត្រូវតាមបច្ចេកទេស និងប្រើពូជសុទ្ធ ដើម្បីឈានទៅសម្រេចបានទិន្នផលខ្ពស់ ។
លោកអគ្គនាយក មានប្រសាសន៍ថា៖ “ដើម្បីបង្កើនទិន្នផល ចំណុចធំ គឺត្រូវជ្រើសរើសពូជ កុំប្រើប្រាស់ពូជ ទិញពូជដែលសុទ្ធល្អពីកន្លែងផលិតពូជលក់ មានដំណុះល្អ ហើយថែទាំថែមទៀតឱ្យដុះកាន់តែល្អ បញ្ចេញបញ្ចូលទឹកឱ្យបានល្អ ដាក់ជី ថ្នាំឱ្យត្រូវទៅតាមពេលវេលា ការពារឬគ្រប់គ្រង់សត្វល្អិតឱ្យបានល្អ ខ្ញុំថាទិន្នផលនឹងកើនឡើង។ តែផ្ទុយទៅវិញ បើកសិករប្រាស់ពូជដដែលៗ ឬប្រើតជំនាន់គ្នាយូរហើយ យកមកធ្វើបន្ត ទិន្នផលអាចនឹងមិនកើនឡើងនោះទេ”។
លោកបណ្ឌិតលើកឡើងបែបនេះ ក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ, លោក ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង៣០០នាក់។
លោកបណ្ឌិតលើកឡើងថា ការដែលកសិករយកពូជមកហាលដោយខ្លួនឯង មកធ្វើបន្តនេះវាជាទម្លាប់របស់បងប្អូនប្រជាកសិករយើងយូរមកហើយ ហើយគួរពិចារណាផ្លាស់ប្តូរទម្លាប់អនុវត្ត ឬផ្នត់គំនិតនេះ និងគួរទិញពូជពីក្រុមហ៊ុន ឬពីក្រុមកសិករផលិតពូជនៅក្នុងតំបន់យកមកប្រើ ។
លោកបណ្ឌិតបានលើកឡើងថា ការធ្វើបែបនេះក៏ជាវិធីមួយ ដែលអាចជួយទម្លាក់ថ្លៃដើមផលិតឱ្យធ្លាក់ចុះបន្ថែមទៀត៕










