អភិបាលស្រុកស្ទោង នាំយកចែកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ៨៧៥គ្រួសារ នៅស្រុកស្ទោង
04-11-2026 21:19
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៨៧៥គ្រួសារ។
ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនៅឃុំទ្រា និងឃុំកំពង់ចិនជើង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានបញ្ជាក់ថា ការផ្ដល់ជំនួយស្បៀងអាហារនាពេលនេះ គឺជាការបង្ហាញពីការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលកំពុងត្រូវការការគាំទ្រផ្នែកស្បៀងអាហារ។
លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា ការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ គឺជាការងារដែលត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ ការផ្ដល់ជំនួយស្បៀងអាហារ ដែលជាតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានបញ្ជាក់ថា អាជ្ញាធរមិនត្រូវព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋឡើយ ហើយមិនត្រូវទុកឱ្យបងប្អូនណាម្នាក់រងគ្រោះដោយសារខ្វះខាតស្បៀងអាហារ ដោយគ្មានការដឹងឮ និងការយកចិត្តទុកដាក់ពីអាជ្ញាធរនោះទេ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានបន្តតាមដានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្វែងយល់ពីតម្រូវការជាក់ស្ដែងរបស់គ្រួសារនីមួយៗ និងយកចិត្តទុកដាក់ចំពោះគ្រួសារដែលកំពុងជួបការលំបាក។ ការស្គាល់ពីស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ នឹងជួយឱ្យការផ្ដល់ជំនួយមានភាពត្រឹមត្រូវ និងអាចទៅដល់អ្នកដែលត្រូវការជំនួយពិតប្រាកដ។
ទន្ទឹមនឹងការងារជួយសម្រាលជីវភាពប្រជាពលរដ្ឋ លោក សាយ គឹមឡម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទ្រា និងឃុំកំពង់ចិនជើង ឱ្យយកចិត្តទុកដាក់ពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យព័ត៌មានផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីធានាថាពួកគាត់អាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនតាមច្បាប់៕
ការអំពាវនាវនេះ គឺជាការរំលឹកដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការងារពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោត និងសហការជាមួយអាជ្ញាធរមូលដ្ឋាននៅពេលមានការផ្សព្វផ្សាយ ឬការផ្ទៀងផ្ទាត់ព័ត៌មាន។
សូមបញ្ជាក់ថា អំណោយស្បៀងអាហារដែលបានចែកជូនប្រជាពលរដ្ឋទាំង៨៧៥គ្រួសារ ក្នុងឱកាសនេះរួមមាន អង្ករ១បេ មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ក្នុងមួយគ្រួសារ៕










