FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកទឹកឈូ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាដល់ក្រុមកីឡាករប្រណាំងទូក(ង) ត្រៀមចូលរួមបុណ្យអុំទូកខេត្តកំពត

04-11-2026 21:15

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភថវិកាដល់ក្រុមកីឡាករប្រណាំងទូក(ង) របស់រដ្ឋបាលស្រុក ដែលមានឈ្មោះថា "ទឹកឈូសន្តិភាព" ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តកំពត។

ពិធីបុណ្យដ៏ធំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយព្រែកកំពង់បាយ ខាងមុខឆ្នេរបាតដៃសុភមង្គល ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។ ក្នុងឱកាសនោះ លោកអភិបាលស្រុកទឹកឈូ បានឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាករចំនួន ២៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងអង្ករ ២០គីឡូក្រាម សរុបថវិកាចំនួន ១,៣០០,០០០ រៀល។
​
ការរៀបចំការប្រណាំងទូកប្រពៃណីនេះ គឺដើម្បីអភិរក្សប្រពៃណីជាតិ ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តនៅខេត្តកំពត។ បើតាមលោក អ៊ឹង ឆាយ អភិបាលរង បានឱ្យដឹងថា រដ្ឋបាលខេត្តកំពត បានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់លើការងារបច្ចេកទេសប្រកួត ទីលានប្រណាំង និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

លោកបន្តថា ទូកនីមួយៗ មានចំណុះកីឡាករ២២នាក់ ស្របតាមទម្រង់ប្រកួតដែលធ្លាប់រៀបចំកន្លងមក ប៉ុន្តែសម្រាប់ឆ្នាំ២០២៦នេះ ទីតាំងប្រកួតត្រូវបានកំណត់នៅព្រែកកំពង់បាយ ខាងមុខឆ្នេរបាតដៃសុភមង្គល ជំនួសទីតាំងឆ្នេរកោះស្មៅ ដែលធ្លាប់រៀបចំកាលពីឆ្នាំមុនៗ។

សម្រាប់បច្ចេកទេសប្រកួត ការប្រណាំងនឹងធ្វើឡើងក្នុងចម្ងាយ ១.០០០ម៉ែត្រ និងប្រើរយៈពេលបីថ្ងៃ ដើម្បីជ្រើសជើងឯក ហើយគណៈកម្មការរៀបចំការប្រកួតនឹងកំណត់ចំណាត់ថ្នាក់ជាផ្លូវការ ចាប់ពីលេខ១ ដល់លេខ៣ ដើម្បីទទួលពានរង្វាន់ និងថវិកាតាមការកំណត់របស់គណៈកម្មការផងដែរ៕