វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
04-11-2026 20:57
(វ៉ាស៊ីនតោន)៖ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បណ្ដារដ្ឋាភិបាល និងក្រុមហ៊ុនជាច្រើនដែលកំពុងឈឺក្បាលនឹងការឡើងថ្លៃតម្លៃថាមពលដោយសារតែសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗដូចជា CNN និង New York times បានរាយការណ៍ថាគណបក្សប្រជាធិបតេយ្យបានឈ្នះអាសនៈភាគច្រើនដើម្បីគ្រប់គ្រងទាំងព្រឹទ្ធសភា និងរដ្ឋសភា (សភាតំណាងរាស្ត្រ) ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តគ្រប់គ្រងសេតវិមាន។
មនុស្សជាច្រើនប្រហែលជាចង់ឃើញការផ្លាស់ប្ដូរយ៉ាងធំអំឡុងអាណត្តិសេសសល់របស់លោក ត្រាំ រាប់ចាប់ពីសង្រ្គាមអ៉ីរ៉ង់ រហូតដល់គោលនយោបាយរបស់លោកស្ដីពីពាណិជ្ជកម្ម និងពន្ធគយ។ ប៉ុន្តែ អ្នកវិភាគមួយចំនួនមានការរំពឹងតិចតួចប៉ុណ្ណោះថាការផ្លាស់ប្ដូរបែបនេះអាចនឹងកើតឡើង បើទោះជាគណបក្សប្រជាធិបតេយ្យគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភាក៏ដោយ។ ជាការពិតណាស់ ប្រជាជនអាមេរិកភាគច្រើននៅសហរដ្ឋអាមេរិក និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានបង្ហាញពីជំហរប្រឆាំងនឹងសង្រ្គាម។ ក៏ប៉ុន្តែសម្រាប់លោក Steven Okun ជាអ្នកវិភាគម្នាក់ខាងពាណិជ្ជកម្ម និងជានាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាយោបល់ APAC Advisors មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី សភាទាំង២របស់សហរដ្ឋអាមេរិកដែលស្ថិតនៅក្រោមគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យទំនងជានឹងមិនអាចបង្ខំឱ្យលោក ត្រាំ បិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ដែលអូសបន្លាយពេលជាង ៨ខែមកនេះនោះទេ។
«ពាក់ព័ន្ធនឹងអ៉ីរ៉ង់ ខ្ញុំមើលមិនឃើញទេថាសភាអាមេរិកទាំង២ ដែលស្ថិតក្រោមការគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នឹងមានការប្រែប្រួលច្រើន ក្រៅតែពីបើកការស៊ើបអង្កេតលើសង្រ្គាម និងការកោះហៅក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំឱ្យចូលធ្វើសក្ខីកម្ម»។ នេះជាការលើកឡើងរបស់លោក Steven Okun។ អ្នកវិភាគរូបនេះបន្ថែមថាគេប្រហែលជាអាចនឹងបានឃើញការដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth។ តែទោះយ៉ាងណា វាមិនអាចកែប្រែផលប៉ះពាល់ទាំងមូលនៃសង្រ្គាមនោះទេ។
នៅក្រោមរដ្ឋធម្មនុញ្ញអាមេរិក សភាទាំង២ មានអំណាចប្រកាសសង្រ្គាមជាផ្លូវការ តែលោក ត្រាំ បានអះអាងថាការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ជា ស្វ័យការពារខ្លួន ហើយមកទល់នឹងពេលនេះលោកមិនបានអើពើនឹងដំណោះស្រាយអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាដែលតម្រូវឱ្យរូបលោកដកកងទ័ពចេញពីសង្រ្គាមអ៉ីរ៉ង់នោះទេ។ សភាទាំង២ ដែលស្ថិតនៅក្នុងកណ្ដាប់ដៃគណបក្សប្រជាធិបតេយ្យក៏មានផងដែរអំណាចអនុម័តច្បាប់រឹតត្បិតប្រតិបត្តិការយោធា ឬខ្ទប់កញ្ចប់ថវិកាសម្រាប់យកទៅធ្វើសង្រ្គាម ឬប្រតិបត្តិការយោធា។ ក៏ប៉ុន្តែក្នុងនាមជាប្រធានាធិបតីអាមេរិក លោក ត្រាំមានសិទ្ធិអំណាចវេតូប្រឆាំងនឹងច្បាប់អនុម័តដោយសភា។ ដូច្នេះដើម្បីអាចយកឈ្នះលើអំណាចវេតូរបស់លោក ត្រាំ គេត្រូវការសំឡេង ២ភាគ៣ ទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាហើយដែលសំឡេងបែបនេះគណបក្សប្រជាធិបតេយ្យនឹងមិនងាយរកបានឡើយ។
* តើអាចនឹងមានការផ្លាស់ប្ដូរលើពន្ធគយ?
ចំពោះបញ្ហាពាណិជ្ជកម្ម និងពន្ធគយ ក្រុមអ្នកវិភាគយល់ថាសភាអាមេរិកមានលទ្ធភាពតិចតួចដើម្បីរារាំងលោក ដូណាល់ ត្រាំ។ លោក ត្រាំ បានធ្វើឱ្យរញ្ជួយទីផ្សារពិភពលោកកាលពីឆ្នាំ២០២៥ នៅពេលរូបលោកប្រកាសពីការដំឡើងពន្ធគយបដិកាជាសកលមានចាប់ពី១០ភាគរយ រហូតដល់៥០ភាគរយលើបណ្ដាប្រទេសចំនួន៩០ ដោយលោកអះអាងថាមានគោលដៅដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នៅបន្ទាប់ពីតុលាការកំពូលអាមេរិកលុបចោលពន្ធគយទាំងនោះកាលពីខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលលោក ត្រាំបានងាកទៅរកមធ្យោបាយផ្សេងទៀតដើម្បីបន្តគោលនយោបាយពន្ធគយរបស់លោក។ កាលពីខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំបានប្រកាសដំឡើងពន្ធគយបដិកាចាប់ពី ១០ភាគរយ និង១២,៥ភាគរយលើទំនិញនាំចូលពីប្រទេសជាង ៦០។ នៅក្នុងតំបន់អាស៊ី ប្រទេសទាំងនោះរួមមានចិន ជប៉ុន កូរ៉េខាងត្បូង រួមទាំងប្រទេសចំនួន ៧ក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
លោក Okun យល់ថាការផ្លាស់ប្ដូរការគ្រប់គ្រងសភាទាំង២របស់សហរដ្ឋអាមេរិកប្រហែលជានឹងមិនមានឥទ្ធិពលខ្លាំងចំពោះតំបន់ប៉ាស៊ីហ្វិកនោះទេ ក៏ព្រោះតែការផ្លាស់ប្ដូរនេះនឹងមិនអាចកែប្រគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំបានឡើយ។ លោកបន្ថែមសភាអាមេរិកថ្មីមិនអាចកែប្រែគោលនយោបាយពាណិជ្ជកម្ម ដូច្នេះពន្ធគយនឹងមិនមានការផ្លាស់ប្ដូរច្រើន ហើយសង្រ្គាមក៏នឹងមិនមានការផ្លាស់ប្ដូរដែរ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះមើលឃើញចន្លោះទំនេរមួយចំនួនតូចដែលសភាអាមេរិកអាចធ្វើអន្តរាគមន៍លើបញ្ហាពន្ធគយ។ លោក Stephen Olson មកពីវិទ្យាស្ថាន ISEAS-Yusof Ishak បានលើកឡើងថាការប្រឆាំងជំទាស់ខ្លាំងក្លាណាមួយទៅនឹង «មនោគមន៍វិជ្ជាត្រាំនិយម» ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិអាចនឹងលើកទឹកចិត្តដល់សមាជិកគណបក្សសាធារណរដ្ឋខ្លះគាំទ្រពាណិជ្ជកម្មសេរី ដែលពួកគេមិនសូវហ៊ានមាត់កទេអំឡុងអាណត្តិរបស់លោក ត្រាំ។ នៅទីនេះ លោក Olson មើលឃើញពីក្ដីសង្ឃឹមខ្លះៗសម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីដែលពឹងផ្អែកលើទីផ្សារអាមេរិក។
តាមអ្នកវិភាគរូបនេះ សភាអាមេរិកទាំង២ដែលស្ថិតនៅក្រោមគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យក៏អាចនឹងជំរុញផងដែរឱ្យមានការលើកលែងពិសេសមួយចំនួនជុំវិញពន្ធគយរបស់លោក ត្រាំ ដែលនេះអាចនឹងផ្ដល់ភាពធូរស្រាលខ្លះៗដល់បណ្ដាក្រុមហ៊ុននាំចេញទំនិញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប៉ុន្តែលោកយល់ថាការផ្លាស់ប្ដូរធំដុំនៅក្នុងគោលនយោបាយពាណិជ្ជកម្មអាមេរិក គេត្រូវរង់ចាំរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៨។ ដោយឡែក សម្រាប់លោក Joshua Kurlantzick ជាអ្នកវិភាគខាងកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងមកពី Council on Foreign Relations តម្រូវការរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្រៅពីពាណិជ្ជកម្ម នោះគឺសន្តិសុខ។ តាមអ្នកវិភាគរូបនេះ ប្រទេសស្ទើរតែទាំងអស់ក្នុងតំបន់អាស៊ីចង់ឃើញការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងគ្រប់វិស័យអំឡុងអាណត្តិសេសសល់របស់លោក ត្រាំ។ ប៉ុន្តែលោកគិតថាប្រទេសភាគច្រើនក្នុងតំបន់ក៏ជឿដែរថារឿងបែបនេះប្រហែលនឹងមិនកើតឡើងឡើយ។ លោកបន្តថាក្រៅតែពីស្ថិរភាពក្នុងគោលនយោបាយពាណិជ្ជកម្ម និងពន្ធគយ បណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចង់បានការធានាសន្តិសុខពីសហរដ្ឋអាមេរិក។ «ពួកគេចង់ឃើញការបង្កើនវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់»។ នេះបើតាមលោក Kurlantzick។ លោក Kurlantzick បានបន្ថែមទៀតថាបណ្ដាក្រុមហ៊ុនក្នុងតំបន់ក៏កំពុងតាមដានដែរថាតើបរាជ័យរបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនឹងជំរុញឱ្យគណបក្សមួយនេះមានឆន្ទៈរួមដៃគ្នាជាមួយគណបក្សប្រជាធិបតេយ្យដើម្បីតតាំងជាមួយលោក ត្រាំ លើបញ្ហាសំខាន់ៗមួយចំនួនក្នុងតំបន់អាស៊ី ដូចជាពន្ធគយ គោលនយោបាយពាណិជ្ជកម្ម ការលក់អាវុធ និងសេដ្ឋកិច្ចដែរឬក៏យ៉ាងណា?
* ទំនាក់ទំនងអាមេរិក-ចិន
តាមលោក Okun សភាថ្មីរបស់សហរដ្ឋអាមេរិក មិនថាស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សណាទេ ក៏ពួកគេនឹងនៅតែអនុម័តការរឹតត្បិតយ៉ាងតឹងរ៉ឹងលើចិនពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ ជាឧទាហរណ៍៖ ដូចជាច្បាប់ Remote Access Security Act ដែលនឹងពង្រីកការគ្រប់គ្រងលើការនាំចេញទំនិញសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមមាន software ឬ បច្ចេកវិទ្យាទៅកាន់ទីផ្សារចិន ព្រមទាំងច្បាប់ Chip Security Act ដែលនឹងតម្រូវឱ្យបណ្ដាក្រុមហ៊ុនអាមេរិកត្រូវផ្ទៀងផ្ទាត់ថាការលក់បន្ទះឈីប AI ធ្វើឡើងតែចំពោះបណ្ដាប្រទេស ឬក្រុមហ៊ុនដែលរដ្ឋាភិបាលអាមេរិកបានអនុញ្ញាត និងដើម្បីរារាំងកុំឱ្យបច្ចេកវិទ្យាទំនើបៗធ្លាក់ចូលទៅក្នុងដៃ ឬលក់ទៅឱ្យសត្រូវ។ បន្ថែមពីលើនេះ ចំណាត់ការរបស់សភាអាមេរិកក៏មានរួមបញ្ចូលដែរច្បាប់ Multilateral Alignment of Technology Controls on Hardware Act ឬហៅកាត់ថា MATCH Act ដែលនឹងដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដាក់ចេញវិធានការគ្រប់គ្រងបរិក្ខារផលិតបន្ទះឈីបឱ្យស្របតាមវិធានការរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់កុំឱ្យបច្ចេកវិទ្យាផលិតបន្ទះឈីបធ្លាក់ចូលទៅក្នុងដៃចិន។
«សភាថ្មីទាំង២របស់សហរដ្ឋអាមេរិកនឹងអនុម័តលើច្បាប់ទាំងនេះមិនថាលទ្ធផលបោះឆ្នោតពាក់កណ្ដាលអាណត្តិបង្ហាញថាបក្សណាចាញ់ ឬឈ្នះនោះទេ ក៏ព្រោះតែបក្សទាំង២ បានឯកភាពគ្នាលើច្បាប់ទាំងនោះ»។ នេះជាការកត់សម្គាល់របស់លោក Okun។
គួរបញ្ជាក់ថា ក្រុមអ្នកវិភាគខ្លះបារម្ភថាដោយសារតែគណបក្សប្រជាធិបតេយ្យគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា វាអាចនឹងធ្វើឱ្យលោក ត្រាំ ប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុក ដូច្នេះលោកអាចនឹងងាកទៅផ្ដោតខ្លាំងលើគោលនយោបាយការបរទេស៕






