FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ ចែកស្រូវពូជ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ២០៧គ្រួសារ មកពីឃុំចំនួន៤ ក្នុងសុ្រកសណ្តាន់

04-11-2026 20:32

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះចែកស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ២០៧គ្រួសារ ដែលមកពីយុំងន ឃុំឈើទាល ឃុំសណ្ដាន់ និងឃុំដងកាំបិត ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា ការចុះចែកស្រូវពូជនេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ។ ហើយការចែកស្រូវពូជជូនប្រជាពលរដ្ឋនាពេលនេះ គឺស្ថិតក្នុងក្របខណ្ឌនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ជាពិសេសជួយស្ដារឡើងវិញនូវការផលិតស្រូវ ដើម្បីឱ្យប្រជាកសិករមានលទ្ធភាពបន្តការបង្កបង្កើនផលសម្រាប់រដូវកាលបន្ទាប់។

លោកបន្តថា ការផ្តល់ជូនស្រូវពូជនេះ ក៏ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ និងជាការរួមចំណែកជួយកាត់បន្ថយបន្ទុកចំណាយក្នុងការស្តារផលិតកម្មកសិកម្មឡើងវិញ ហើយត្រូវខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងវិញ។

អភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបន្តសាមគ្គីភាព រួមគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះ ប្រជាកសិករដែលទទួលបានស្រូវពូជសម្តែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ និងផ្ដល់ជំនួយជាស្រូវពូជទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផល និងស្តារជីវភាពគ្រួសាររបស់ពួកគាត់ឡើងវិញផងដែរ៕