FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្ទឹងត្រែង ប្រគល់អំណោយស្បៀង និងសម្ភារជូនប្រជាពលរដ្ឋ ៧៥៥គ្រួសារ ក្នុងគម្រោង ផ.ក.អ.

04-11-2026 20:20

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀង និងសម្ភារប្រើប្រាស់ចាំបាច់ ប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន ៧៥៥គ្រួសារ និងប្រជាការពារ ៤៧នាក់ នៅចំណុចអូរសែវ ឃុំស្តៅ ស្រុកសេសាន ដែលជាតំបន់គម្រោងផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ)។

ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធី ផ.ក.អ.។

អំណោយដ៏ឧត្តុង្គឧត្តមដែលបានឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទាំង ៧៥៥គ្រួសារ រួមមាន៖ អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច ធុងចម្រោះទឹកស្អាត ចង្ក្រានបរិស្ថាន និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត។ ការផ្តល់អំណោយទាំងនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់លោកអភិបាលខេត្ត ក្នុងគោលបំណងជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាការពារក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ វត្តមានរបស់ថ្នាក់ដឹកនាំ និងការចែករំលែកនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតំបន់ដាច់ស្រយាល។

នៅក្នុងឱកាសនោះដែរ លោក សរ សុពុត្រា បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើផ្ដល់ការគាំទ្រយ៉ាងទូលំទូលាយថា គោលដៅចម្បង និងជាអទិភាពបំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត គឺការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សម្រាប់កសាងលំនៅឋានអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មបង្កើនចំណូល ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា «ការចូលរួមអនុវត្តគម្រោងទី១ នេះ ត្រូវបានចាត់ទុកថាជាស្ពានចម្លងដ៏មានសារៈសំខាន់មិនអាចខ្វះបាន ដែលមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ភាពម្ចាស់ការលើដីធ្លីជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់គ្នារវាងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន និងការការពារធនធានធម្មជាតិប្រកបដោយចីរភាពយូរអង្វែង»។

ជាមួយគ្នានេះ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព សហការគ្នាល្អក្នុងសហគមន៍ រួមគ្នាកសាងអភិវឌ្ឍភូមិឋានថ្មីឱ្យរីកចម្រើន និងត្រូវចូលរួមការពារថែរក្សាព្រៃឈើ និងធនធានធម្មជាតិដែលនៅជុំវិញខ្លួន ព្រោះសុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន គឺផ្ដើមចេញពីការស្រឡាញ់ និងការទទួលខុសត្រូវរួមគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៕