មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុលផ្លូវយុទ្ធសាស្ត្រ 2PVH1 ជិត១០គីឡូម៉ែត្រ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង
04-11-2026 20:25
(ព្រះវិហារ)៖ កំណាត់ផ្លូវខេត្តលេខ 2PVH1 ប្រវែង ៩.៥០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានរងការខូចខាតយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀងក្នុងរដូវវស្សាកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះអនុវត្តការងារជួសជុល និងថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើងវិញ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កំណាត់ផ្លូវខេត្តលេខ 2PVH1 នេះ គឺជាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនដ៏មានសារៈសំខាន់ សម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ។
លោកបានបន្ថែមថា ក្នុងរដូវវស្សាកន្លងមក ដោយសារមានភ្លៀងធ្លាក់ជោគជាំខ្លាំង បានធ្វើឱ្យកំណាត់ផ្លូវនេះរងការខូចខាតដោយកន្លែង ទោះបីជាក្រុមការងារបាននាំយកគ្រឿងចក្រទៅដល់ទីតាំងផ្ទាល់ក៏ដោយ ក៏មិនអាចអនុវត្តការជួសជុលបានភ្លាមៗដែរ ដោយសារស្ថានភាពអាកាសធាតុ និងផ្លូវនៅមានសភាពសើមខ្លាំង។
លោកប្រធានមន្ទីរបានថ្លែងបន្តថា ក្រោយពីស្ថានភាពភ្លៀងចាប់ផ្តើមរាំងស្ងួត និងអនុវត្តតាមការណែនាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងាររបស់មន្ទីរបានចាប់ផ្តើមជួសជុល និងថែទាំកំណាត់ផ្លូវទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ ដើម្បីធានាឱ្យផ្លូវថ្នល់មានសភាពល្អប្រសើរឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវថ្នល់ ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ ដោយស្នើឱ្យបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កំណត់ និងការយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ដែលអាចបង្កផលប៉ះពាល់ដល់សុវត្ថិភាព និងអាយុកាលផ្លូវថ្នល់។ជាពិសេសសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមិនបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕










