FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករខេត្តពោធិ៍សាត់ រូតរះធ្វើស្រែឡើងវិញ ក្រោយទឹកលិចរលួយ តែក៏បារម្ភពីផលប៉ះពាល់នៃឥទ្ធិពលអែលនីញ៉ូ (Video inside)

04-11-2026 18:37

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលនៅកៀកនឹងប្រភពទឹកកំពុងរូតរះម្នីម្នា​ធ្វើស្រែឡើងវិញ បន្ទាប់ពីស្រូវត្រូទឹកលិចរលួយកាលពីដើមខែតុលាកន្លងទៅនេះ។

នៅរសៀលថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមការងារ Fresh News បានចុះ​ទៅកាន់​ឃុំអូរតាប៉ោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលនៅទីនេះជាវាលស្រែដ៏ល្វឹង​ល្វើយរបស់ប្រជា​កសិករ។ ស្រែស្រូវរបស់ពួកគាត់នៅទីនេះ ត្រូវបានទឹកលិចដោយសារជំនន់ទឹកភ្លៀងកាលពី​ដើម​​ខែតុលា ខណៈស្រូវបានអាយុមួយខែទៅហើយនោះ។ ស្រូវកំពុងលូតលាស់ខ្ចីទឹកចូល​មក​ដល់បានធ្វើឱ្យរលួយអស់។

បើទោះត្រូវរលួយត្រូវខូចខាត ទឹកចិត្តសោកស្តាយ តែមិនបាក់ទឹកចិត្ត មិនបោះបង់នោះ​ឡើយ​។ ​នេះហើយភាពរឹងមាំរបស់ប្រជាកសិករ។ នៅពេលនេះ ប្រជាកសិករនៅតំបន់នេះ កំពុងតែ​រូតរះ​ក្នុងការធ្វើស្រែឡើងវិញ ឱ្យទាន់ដើមខែវិច្ឆិកា។ ប្រជាកសិករខ្លះទឹកស្រកមិនទាន់ផុតពី​ស្រែផង បានទៅបូមទឹកចេញពីស្រែ ដើម្បីបានភ្ជួររាស់ និងបាចស្រូវ។

ការដែលពួកគាត់រូតរះធ្វើឱ្យទាន់ដើមខែវិច្ឆិកានេះ ព្រោះបារម្ភថា ការអូសបន្លាយពេលវេលា​យូរអាចប្រឈមនឹងការខ្វះទឹកដាក់ស្រែឱ្យស្រូវលូតលាស់រហូតចេញផ្លែ ព្រោះអាជ្ញាធរបានជូន​ព័ត៌មានពីផលប៉ះពាល់នៃបាតុភាពអែលនីញ៉ូនៅក្នុងរដូវប្រាំងឆ្នាំនេះ។

សូមបញ្ជាក់ថា នៅខេត្តពោធិ៍សាត់ រដូវវស្សាកន្លងទៅនេះ គ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ស្រូវជិត ៨ម៉ឺនហិកតា សង្គ្រោះបានជាង ៥ម៉ឺនហិកតា ខូចខាតជាង២ម៉ឺន ៥ពាន់ហិកតា។ ផ្ទៃដីស្តារឡើងវិញ មានជាង ៣ម៉ឺនហិកតា ព្រមទាំងបានស្នើសុំស្រូវពូជប្រមាណ ១៥៨តោន ចែកជូនប្រជាកសិករ ១៥៧៩គ្រួសារ៕