មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំផ្លូវ ១២ខ្សែ និងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
04-11-2026 18:28
(កំពង់ឆ្នាំង)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១២ខ្សែ ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុបជាង ១៥៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំចំនួន១៤ ក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ និងការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន ៣៦៤ផ្លាកលើផ្លូវចំនួន ២ខ្សែ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ជុំវិញការងារថែទាំផ្លូវខាងលើនេះ លោក ឈឹម សៅគី បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុង អាណត្តិទី៧ នៃរដ្ឋសភា ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តការគាំទ្រការអភិវឌ្ឍ តាមរយៈការជួសជុល ថែទាំផ្លូវ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង ដើម្បីឆ្លើយតបនឹងការរស់នៅ របស់ប្រជាពលរដ្ឋ មានផ្លូវល្អ សម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសាធារណជនធ្វើដំណើរឆ្លងកាត់ជាដើម។
ជាមួយគ្នានោះដែរលោករដ្ឋលេខាធិការធិការប្រចាំការ ក៏បានណែនាំដល់នាយដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ កែសម្រួលនូវចំណុចដែលពិនិត្យឃើញ ជាក់ស្តែងរួមមាន៖ នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ត្រូវជួសជុលឡើងវិញ ត្រង់ចំណុចដែលបាក់ស្រុត និងត្រូវដាំបង្គោលសុវត្ថិភាព។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ត្រូវសហការជាមួយអាជ្ញាធរស្រុក និងឃុំ ដើម្បីដាក់ណែនាំដល់ប្រជាពលរដ្ឋចាក់ដីនៅលើចិញ្ចើមផ្លូវ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
ជុំវិញផ្លូវខាងលើនេះ គណៈកម្មការឯកភាពទទួល យកលទ្ធផលបញ្ចប់ការអនុវត្តការងារដំណាក់កាលទី២ លើការថែទាំជាប្រចាំផ្លូវចំនួន១៤ខ្សែ និងបានសំណូមពរដល់អាជ្ញាធរចូលរួមថែទាំ ផ្លូវទាំងនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន។
ជាមួយនឹសមិទ្ធផលផ្លូវខាងលើនេះ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ បានបង្ហាញនូវសេចក្តីរំភើបរីករាយ ដែលទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមជនបទ មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ ដើម្បីកែប្រែលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទឱ្យមានជីវភាពកាន់តែប្រសើរផងដែរ៕























