អភិបាលខេត្តស្ទឹងត្រែង ជូនដំណើរយុវជនស្ម័គ្រចិត្ត ១១០នាក់ ទៅបំពេញកាតព្វកិច្ចយោធា
04-11-2026 18:24
(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន ១១០នាក់ (ជំហានទី១) ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព។ ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមាតាបិតាអាណាព្យាបាលយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្តែងការកោតសរសើរខ្ពស់ចំពោះស្មារតីស្នេហាជាតិដ៏មុះមុតរបស់យុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបម្រើជាតិ មាតុភូមិ និងការពារទឹកដី។ លោកបានគូសបញ្ជាក់ថា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចដែលមានចែងក្នុងច្បាប់ និងរដ្ឋធម្មនុញ្ញ។
ការអនុវត្តច្បាប់នេះ មិនត្រឹមតែជាការចូលរួមការពារបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាលាហ្វឹកហ្វឺនជីវិតដ៏មានតម្លៃ ក្នុងការអប់រំលត់ដំកាយសម្បទា ស្មារតី សីលធម៌ វិន័យ និងភាពជាអ្នកដឹកនាំ។
លោក សរ សុពុត្រា ក៏បានផ្តាំផ្ញើដល់យុវជនស្ម័គ្រចិត្តទាំង ១១០នាក់ ឱ្យខិតខំក្រេបយកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសយោធា ដោយគោរពវិន័យកងទ័ព ស្រឡាញ់សាមគ្គីគ្នា និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីក្លាយជាកុលបុត្រកុលធីតាខ្មែរដ៏រឹងមាំ ជាសសរទ្រូងរបស់ប្រទេសជាតិ។ ពិធីជូនដំណើរបានបញ្ចប់ទៅដោយបរិយាកាសរីករាយ កក់ក្តៅ និងពោរពេញដោយមោទនភាពបំផុត៕
















