FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍! ស្នងការនគរបាលខេត្ដបាត់ដំបង ដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះអប់រំច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពមួយចំនួនជូនសិស្សានុសិស្ស ដើម្បីសុវត្ថិភាពធ្វើដំណើរ

04-11-2026 17:51

(បាត់ដំបង)៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះអប់រំណែនាំដល់សិស្សានុសិស្សវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង។

គោលបំណងសំខាន់ គឺដើម្បីពង្រឹងការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចែកមួកសុវត្ថិភាពមួយចំនួនដល់កូនសិស្សផងដែរ។

ក្នុងយុទ្ធនាការអប់រំនេះ មន្ត្រីនគរបាលចរាចរណ៍ បានលើកឡើងពីបញ្ហាសំខាន់ៗមួយចំនួនដូចជា ការមិនពាក់មួកសុវត្ថិភាព ឬពាក់មួកមិនត្រឹមត្រូវ ការមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញាចរាចរណ៍ជាដើម ដែលជាមូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់។

បន្ទាប់ពីការអប់រំពន្យល់ និងណែនាំយ៉ាងក្បោះក្បាយរួចមក មន្ត្រីនគរបាលចរាចរណ៍ ក៏បានចែកជូនមួកសុវត្ថិភាពមួយចំនួនដល់សិស្សានុសិស្ស ដើម្បីលើកទឹកចិត្តឱ្យពួកគាត់អនុវត្ត នូវការគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន៕