FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ និងអាជ្ញាធរ សម្របសម្រួលដោះស្រាយយ៉ាងលឿនរហ័សនូវកង្វល់របស់បងប្អូនកម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង  និងឯកភាពចូលធ្វើការវិញនៅថ្ងៃស្អែក

04-11-2026 17:50

(តាកែវ)៖ មន្ត្រីជំនាញនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់កង្វល់ជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង ក្នុងខេត្តតាកែវយ៉ាងលឿនរហ័ស នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបងប្អូនកម្មករបានឯកភាពចូលធ្វើការវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ស្អែកនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា៖ “កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយបញ្ចប់ហើយដោយបងប្អូនអបអរសាទរទទួលការដោះស្រាយដ៏លឿនរហ័សរបស់មន្ត្រីជំនាញរបស់យើងនិងអាជ្ញាធរពាក់ព័ន្ធ។ ជាមួយគ្នានេះ បងប្អូនព្រមព្រៀងចូលធ្វើការវិញទាំងអស់គ្នានៅថ្ងៃស្អែកទី៥ ខែវិច្ឆិកា នេះ”។

អ្នកនាំពាក្យរូបនេះ បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ មន្ត្រីជំនាញនៃក្រសួងការងារ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីស្តាប់កង្វល់ និងពន្យល់ដោះស្រាយជុំវិញលក្ខខណ្ឌការងារដោយភាគីបានឯកភាពគ្នាលើចំណុចព្រមព្រៀងចំនួន ១០។

ចំណុចទាំងនោះរួមមាន ការរក្សាប្រាក់ធ្វើដំណើរ ២.៥ដុល្លារ ការបន្ថែមកង្ហារជូនបងប្អូនកម្មករនិយោជិត ការផ្តល់សម្ភារៈធ្វើការឱ្យបានគ្រប់គ្រាន់ ការទប់ស្កាត់លើការប្រើប្រាស់ពាក្យមិនសមរម្យ និងការមិនកាត់ប្រាក់ឈ្នួលនៅពេលព្យួរការងារជាដើម។

ការបញ្ចប់លឿនរហ័សនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបនឹងកង្វល់របស់កម្មករ និងស្វែងរកដំណោះស្រាយដោយផ្អែកលើទិដ្ឋភាពច្បាប់ និងការពារប្រយោជន៍ស្របតាមច្បាប់។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដដែល៕