FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ និងសោភ័ណភាពខេត្តកែប ឱ្យកាន់តែមានភាពទាក់ទាញ

04-11-2026 17:44

(កែប)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានជំរុញឱ្យបន្តយកចិត្តទុកដាក់លើការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធបរិក្ខារសាធារណៈ និងវិស័យទេសចរណ៍ ព្រមទាំងរៀបចំសំណង់ និងលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ស្របតាមបទដ្ឋានបច្ចេកទេស និងផែនការរៀបចំដែនដី ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពទាក់ទាញរបស់ខេត្តកែប។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជីវភាពក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប។ ពិធីនេះមានការអញ្ជើញចូលរួម ពីលោកស្រី.ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែវ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារពាក់ព័ន្ធជាច្រើនរូប។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកែប ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបំពេញតួនាទី និងភារកិច្ច ក្នុងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្តលើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកិច្ចសហការល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ខេត្តកែប និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានលើកឡើង ពីសារៈសំខាន់នៃការកសាង និងពង្រឹងខឿនសេដ្ឋកិច្ចខេត្តកែប តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារសាធារណៈចាំបាច់ ដូចជា ការកែលម្អ និងសាងសង់ផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ ចំណតយានយន្ត ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ និងផ្ទះលំហែទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ លើការរៀបចំសំណង់ និងលំនៅឋាន ដែលមិនទាន់មានសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយ ស្របតាមបទដ្ឋានបច្ចេកទេស និងផែនការរៀបចំដែនដី នគរូបនីយកម្ម ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងបង្កើតបរិយាកាសរស់នៅប្រកបដោយផាសុកភាព។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ បន្តលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ ប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ និងចេះប្រើប្រាស់បណ្តាញសង្គមក្នុងកម្រិតសមស្រប ដោយជៀសវាងការប្រើប្រាស់ច្រើនហួសហេតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សា និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់លើការពង្រឹងការគ្រប់គ្រង និងសន្តិសុខសង្គម ការអនុវត្តច្បាប់ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាព និងសុខសាន្តជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត ក៏បានលើកឡើងពីការបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គាំទ្រសកម្មភាពអាជីវកម្ម ពង្រឹងគុណភាពអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស។ លោកក៏បានលើកឡើង ពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព៕