អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងជូនដំណើរយុវជនត្រូវចូលបំពេញកាតព្វកិច្ចយោធាទៅសាលាហ្វឹកហ្វឺនកងទ័ពពិសេសតេជោសែនឱរ៉ាល់
04-11-2026 17:26
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងជូនដំណើរយុវជនត្រូវចូលបំពេញកាតព្វកិច្ចយោធាទៅសាលាហ្វឹកហ្វឺនកងទ័ពពិសេសតេជោសែនឱរ៉ាល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា យុវជននៅខេត្តបាត់ដំបងមានការផុសផុលខ្លាំងក្នុងការដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា។ លោកបានណែនាំយុវជនចូលបំពេញកាតព្វកិច្ចយោធាត្រូវខិតខំប្រឹង ប្រែងហ្វឹកហាត់ ចំណេះជំនាញឱ្យក្លាយទៅជាធនធានដ៏ល្អដែលសង្គមជាតិតម្រូវការ និងដាច់ខាតចៀសឆ្ងាយពីគ្រឿងញៀន។
លោកថ្លែងអំណរគុណមាតាបិតា និងអាណាព្យាបាលដែលបានជំរុញកូនចៅឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា។ លោកណែនាំដល់តំបន់ប្រតិបត្តិការសឹករងខេត្ត ក្រុង ស្រុក ត្រូវបង្កើនការដាំដុះ និងចិញ្ចឹមសត្វបម្រើឱ្យការ ផ្គត់ផ្គង់ហូបចុកប្រចាំថ្ងៃ។
យុវជនជាប់កាតព្វកិច្ចយោធា បានបង្ហាញអារម្មណ៍រំភើប និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាដើម្បីផ្ដល់ឱកាសឱ្យពួកគេបានចូលរួមរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លួនរួមចំណែកបំពេញកាតព្វកិច្ចចំពោះជាតិ។
យុវជន ប្ដេជ្ញាខិតខំបំពេញកាតព្វកិច្ចឱ្យបានជោគជ័យ និងចៀសឆ្ងាយពីគ្រឿងញៀនដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សសម្រាប់ជាតិ៕


























