លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី បើកកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
04-11-2026 17:22
(រតនគិរី)៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី បានបើកកិច្ចប្រជុំដ៏សំខាន់មួយជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសាលប្រជុំអាគារ (D) សាលាខេត្តរតនគិរី ក្រោមអធិបតីភាពលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី។
គោលបំណងចម្បង នៃកិច្ចប្រជុំគឺដើម្បីជំរុញឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួម ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រឡើងវិញក្នុងបញ្ជីបោះឆ្នោត។ យុទ្ធនាការនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមគោលដៅដែលត្រូវធ្វើបច្ចុប្បន្នភាពរួមមាន អ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និង២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រពីមុនមក និងអ្នកបោះឆ្នោតដែលបានទទួលលិខិតអញ្ជើញពី គ.ជ.ប ឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក វ៉ាន់ សោភា ក៏បានអានសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កលក្ខណៈងាយស្រួលជូនដល់គណបក្សនយោបាយក្នុងការធ្វើសកម្មភាព និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨។ លោកក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យផ្ដល់កិច្ចសហការ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕











