អភិបាលខេត្តកំពង់ធំ ជំរុញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រៀមខ្លួនឲ្យបានល្អសម្រាប់ចូលរួមពិធីបុណ្យអុំទូក បណ្ដែតប្រទីបដ៏ខ្លីខាងមុខនេះ
04-11-2026 17:18
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យមន្ទីរអង្គភាពទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានល្អក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកលើកឡើងដូចនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២៦ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ។
លោក នួន ផារ័ត្ន បានថ្លែងថា ដោយសារតែពេលវេលាមានរយៈពេលខ្លីសម្រាប់ពិធីបុណ្យអុំទូកនេះ លោកជំរុញឲ្យមន្ទីរអង្គភាពជំនាញដែលទទួលខុសត្រូវតាមផ្នែកនីមួយៗត្រូវពិនិត្យមើលការងាររបស់ខ្លួនឡើងវិញថា តើយើងបានត្រៀមរួចរាល់ហើយឬនៅ។ ក្នុងករណីដែលយើងនៅមានចំណុចខ្វះខាត យើងត្រូវបំពេញបន្ថែមឲ្យបានលឿនបំផុត ជៀសវាងបញ្ហាណាមួយកើតឡើងដោយការធ្វេសប្រហែស។
លោកបានសង្កត់ធ្ងន់ថា មន្ទីរចំណុះដែលទទួលបន្ទុកទូកនីមួយៗ ហើយខ្វះលទ្ធភាព ត្រូវរាយការណ៍មករដ្ឋបាលខេត្តឲ្យបានលឿន ដើម្បីខេត្តស្វែងរកអ្នកជួយឧបត្ថម្ភឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះទៀត កិច្ចការសំខាន់គឺកងកម្លាំងទាំងអស់ត្រូវត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ពិសេសពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៀតផង។
អភិបាលខេត្តសង្ឃឹមថា លោក លោកស្រីទាំងអស់នឹងខិតខំអនុវត្តកិច្ចការនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕


















